យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានបញ្ជាក់ថាស្លាប់ដោយសារវិជ្ជមានកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង ខណៈមនុស្សរាប់រយពាន់នាក់ទៀតបានបង្ហាញពីរោគសញ្ញាគ្រុនក្ដៅ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រ ទី ១៣ ខែ ឧសភា ឆ្នាំ២០២២នេះ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា មនុស្ស​សប្រមាណជា ជាង១សែននាក់ កំពុងព្យាបាលនៅកន្លែងដាច់ដោយឡែក បន្ទាប់ពីមានអាការៈក្ដៅខ្លួនដែលកើតឡើងដោយមិនដឹងប្រភពមកពីណា។

បច្ចុប្បន្នមនុស្សប្រហែល ៣សែន៥ម៉ឺននាក់ បង្ហាញពីរោគសញ្ញាក្ដៅខ្លួន ក្នុងនោះមាន ១ម៉ឺន៨ពាន់នាក់ បានបង្ហាញរោគសញ្ញាថ្មីនៅថ្ងៃព្រហស្បតិ៍ ខណៈមនុស្សប្រហែលជាជាង ១សែន៦ម៉ឺននាក់ទៀត កំពុងទទួលការព្យាបាល ប៉ុន្ដែមិនទាន់ត្រូវបង្ហាញឲ្យច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់ដែលបានធ្វើតេស្ដវិជ្ជមានកូវីដ១៩។

ចំនួនអ្នកសង្ស័យបានកើនយ៉ាងគំហុកស្របពេលដែលកូរ៉េខាងជើង បានប្រកាសថា យ៉ាងហោចណាស់មានមនុស្ស៦នាក់ដែលមានរោគសញ្ញាក្ដៅខ្លួនបានស្លាប់ ដែលម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំង ៦នាក់នោះ ធ្វើតេស្ដរកឃើញមានផ្ទុកវីរុស Omicron។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនាមជ្ឈមណ្ឌលបញ្ជាការប្រឆាំងមេរោគ ដើម្បីពិនិត្យមើលស្ថានភាព និង ការឆ្លើយតបបន្ទាប់ពីបានប្រកាស «ភាពអាសន្នរដ្ឋធ្ងន់ធ្ងរ» និង បញ្ជាឲ្យបិទប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃព្រហស្បតិ៍៕

ប្រភព៖ CNA

Share.