តារា​សម្ដែង​ស្រី​ដ៏​ល្បី​ឈ្មោះ​ Pooklook ត្រូវ​បាន​ប្រជាពលរដ្ឋ​ថៃ​ធ្វើ​ការ​តវ៉ា​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​ដោយ​សារ​តែ​កញ្ញា​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចំពោះ​​ករណី​ម្ដាយ​ដួល​ក្នុង​បន្ទប់​ទឹក​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​តែ​គ្មាន​បុគ្គលិក​ពេទ្យ​គ្រប់​គ្រាន់​​ជួយ​ម្ដាយ​របស់​ខ្លួន​។​ ប៉ុន្តែ​ក្រៅ​ពី​មិន​ទទួល​បាន​ការ​យល់​ចិត្ត​និង​រំលែក​ក្ដី​ទុក្ខ​ចំពោះ​រឿង​ម្ដាយ​ហើយ​នោះ​ ​តារា​ស្រី​រូប​នេះ​ បែរ​ជា​ត្រូវ​មហាជន​ជេរ​ស្ដី​ និង​បន្ទោស​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​កញ្ញា​ទៅវិញ​។

យោង​តាម​សារព័ត៌មាន Matichon កញ្ញា​ Pooklook បាន​បង្ហោះ​សំណេរ​លើ​ IG ថា​៖ ម្ដាយ​របស់​កញ្ញា​ដួល​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ តែ​បុគ្គលិក​ពេទ្យ​មិន​មាន​អ្នក​ណា​ខ្នះខ្នែង​ក្នុង​ការ​ជួយ​សង្គ្រោះ​ម្ដាយ​ខ្លួន​ឡើយ​ ថែម​ទាំង​ដៀមដាម​មន្ទីរពេទ្យ​និង​គ្រូ​ពេទ្យ​ឱ្យ​មាន​ចិត្ត​វិញ្ញាណ​ជា​គ្រូពេទ្យ​ផង​ បើ​​មិន​ស្រលាញ់​អាជីព​ទេ​គួរ​តែ​លា​ឈប់​។​

ក្រោយ​សំណេរ​របស់​កញ្ញា​បាន​បង្ហោះ​ស្រាប់​តែ​មាន​ក្រុម​អ្នក​គាំទ្រ​គ្រូពេទ្យ​បាន​នាំ​គ្នា​បង្កើត​ Hashtag ឈ្មោះ​របស់​កញ្ញា​ជា​ភាសា​ថៃ​និង​បង្ហោះ​លើ​ Twitter រហូត​ក្លាយ​ជា​រឿង​ដែល​មាន​មនុស្ស​ចូល​មក​បន្ទោស​និង​មិន​គាំទ្រ​ទង្វើ​របស់​តារា​ស្រី​រូប​នេះ​យ៉ាង​ច្រើន​រហូត​ Trending លើ​ Twitter ​ក្នុង​នោះ​អ្នក​លេង​អ៊ិនធឺណិត​និង​បុគ្គលិក​សុខាភិបាល​បាន​ចេញ​មក​ឆ្លើយ​តប​ចំពោះ​ករណី​នវ​ថា​ «ក្នុង​ស្ថានការណ៍​កូវីដ-១៩ កំពុង​រាតត្បាត​ មន្ទីរពេទ្យ​ឯកជន​មួយ​ភាគ​ធំ​ត្រូវ​បន្ថយ​ចំនួន​មនុស្ស​ធ្វើ​ការ​ឱ្យ​នៅ​តិច​ ហើយ​បើ​ករណី​ត្រូវ​ធ្វើ​ CPR អ្នក​ជំងឺ​ចាំ​បាច់​ត្រូវ​តែ​ស្លៀក​ឈុត​ Full PPE ជា​មុន​សិន​ មិន​ថា​អ្នក​ជំងឺ​កើត​ឧប្បត្តិហេតុ​ក៏​ដោយ​ ខណៈ​មន្ទីរពេទ្យ​ខ្លះ​ទៀត​មិន​មាន​ក្រុម​សង្គ្រោះ​ EMS តែ​អាច​ទទួល​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់​បាន​គ្រប់​ពេលវេលា​»

មិន​ទាន់​អស់​ត្រឹម​ប៉ុណ្ណេះ​នោះ​ទេ ក៏​មាន​ផេក​មួយ​បាន​ចេញ​មក​និយាយ​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នោះ​ទៀត​ដែរ​ថា​ Pooklook បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ តែ​រថយន្ត​សង្គ្រោះ​ទើប​តែ​ដឹក​អ្នក​ជំងឺ​កូវីដ​រួច​ទើប​មិន​អាច​ចេញ​ទៅ​ទទួល​បាន​ ដូច្នេះ​កញ្ញា​បាន​បើក​ឡាន​មក​ដោយ​ខ្លួន​ឯង​ ដោយ​បើក​ឡាន​ចូល​តាម​ផ្លូវ​បញ្ច្រាស​ចូល​មន្ទីរពេទ្យ​ ពេល​មកដល់​ចត​ឡាន​ជិត​នឹង​បង្កាន់ដៃ​ខាង​មុខ​មន្ទីរពេទ្យ​មិន​អាច​បើក​ទ្វារ​ពេល​គ្រូពេទ្យ​ឱ្យ​ចត​ម្ដង​ទៀត​ក៏​មិន​ព្រម​ថែម​ទាំង​ឱ្យ​យក​លើក​ហ្វ្រង់​ការ​​រំលង​ឡាន​មកលើក​ម្ដាយ​ចេញ​ពី​ឡាន​ រួច​ហើយ​ ពេល​ចូល​ដល់​ក្នុង​មន្ទីរពេទ្យ​ខណៈ​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើ CPR ពេល​បើក​ទ្វារ​ចូល​មក​ក៏​ស្រែក​ដាក់ពេទ្យ​និង​គិលានុបដ្ឋាកនាយិកា ព្រម​ទាំង​ថត​វីដេអូ​គ្រប់​ពេលវេលា​ទៀត​ផង​។​

រឿង​ហេតុ​កាន់​តែ​ក្ដៅ​ឡើង​​នៅ​ពេល​តារា​ស្រី​រូប​នេះ​ចេញ​មក​ផុស​អរគុណ​ព្រះ​ជា​ម្ចាស់​​នៅ​ពេល​ដែល​ម្ដាយ​ខ្លួន​ដែល​បាត់​ដង្ហើម​ហើយ​នោះ​ឱ្យ​ត្រលប់​មក​មាន​ដង្ហើម​ឡើង​វិញ​ តែ​មិន​បាន​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​ខ្នះខ្នែង​ជួយ​ម្ដាយ​ខ្លួន​​ ស្រាប់​តែ​អ្នក​លេង​បណ្ដាញ​សង្គម​បាន​បន្ត​ចេញ​មក​លើក​ទឹក​ចិត្ត​និង​ផ្ដល់​កម្លាំង​ចិត្ត​ចំពោះ​ក្រុម​គ្រូពេទ្យ​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ដែល​អាច​ជួយ​ធ្វើ​ CPR ម្ដាយ​របស់​ Pooklook ដែល​ឈប់​ដក​ដង្ហើម​១៥​នាទី​ហើយ​ឱ្យ​ត្រលប់​មក​ដក​ដង្ហើម​បាន​វិញ​ថែម​ទៀត​ផង​។

ខណៈ​នេះ​ភាគី​តារា​ស្រី​ខាង​លើ​​កំពុង​ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់​មិន​ទាន់​ចេញ​មក​ស្រាយ​ឬ​មាន​សកម្មភាព​ប្រតិកម្ម​ណាមួយ​តប​តប​ចំពោះ​ការ​ជេរ​និង​រិះគន់​ចំពោះ​ទង្វើ​កញ្ញា​នៅ​ឡើយ​នោះ​ទេ៕

Telegram-Troryorng
Share.