អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកមិនមានផែនការក្នុងការចែករំលែកវ៉ាក់សាំងឲ្យកូរ៉េខាងជើងនោះទេ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានរាយការណ៍ពីការផ្ទុះឡើងដំបូងនៃជំងឺកូវីដ១៩។

អ្នកនាំពាក្យបន្ដថា មូលហេតុដែលអាមេរិកមិនមានគម្រោងចែកវ៉ាក់សាំងឲ្យប្រទេសកូរ៉េខាងជើង ដោយសារតែប្រទេសនេះបានបដិសេធម្ដងហើយម្ដងទៀត នូវការចែកចាយវ៉ាក់សាំងសកល ដែលហៅកាត់ថា COVAX។

ថ្វីត្បិតបច្ចុប្បន្ននេះ​ អាមេរិកមិនមានគម្រោងចែករំលែកវ៉ាក់សាំងឲ្យកូរ៉េខាងជើងក៏ដោយ ប៉ុន្ដែអាមេរិកនឹងនៅតែបន្ដគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងគោលបំណងផ្ដល់ជំនួយមនុស្សធម៌ដ៏សំខាន់ដល់ប្រជាជនកូរ៉េខាងជើងដែលងាយរងគ្រោះបំផុត។

ការទទួលស្គាល់ជាសាធារណៈលើកដំបូងនៃការឆ្លងរាលដាលជំងឺកូវីដ១៩ របស់ប្រទេសកូរ៉េខាងជើង បានបង្ហាញពីវិបត្តិដ៏ធំមួយនៅក្នុងប្រទេសដែលខ្វះខាតធនធានវេជ្ជសាស្រ្ត ដោយសារតែបដិសេធជំនួយអន្តរជាតិជាមួយនឹងវ៉ាក់សាំងបង្ការមេរោគ និង បិទព្រំដែនរបស់ខ្លួន។

ស្របពេលជាមួយគ្នានេះដែរ មានព័ត៌មានមួយទៀតបានចេញផ្សាយថា កូរ៉េខាងត្បូងគ្រោងផ្ដល់វ៉ាក់សាំងបង្ការកូវីដ១៩ រួមទាំងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តផ្សេងទៀតឲ្យកូរ៉េខាងជើងដែលជាប្រទេសជិតខាង៕

ប្រភព៖ USNEWS

Share.