ភ្នំពេញ ៖ រថយន្តដឹកបេតុងមួយគ្រឿង បើកលឿនជ្រុលទៅបុកម៉ូតូនិច បណ្តាលឲ្យរងរបួសស្ត្រីម្នាក់បាក់ជើងឆ្វេងខ្ទេច កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ កែងផ្លូវបេតុងក្លោងទ្វារវត្តព្រៃស្ពឺ ចំណុចភូមិស្រៃជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៉ូ ស៊ីណយ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ លក់ដូរតាមមុខរោងចក្រ មានទីលំនៅ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសបាក់ជើងឆ្វេងខ្ទេច ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្ក ប្រភេទដឹកបេតុង ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ 5A-1618 បើកលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-0630 ជិះដោយជនរងគ្រោះចេញពីផ្លូវបេតុងវត្តព្រៃស្ពឺ ឡើងផ្លូវជាតិលេខ៣ បត់ឆ្ពោះទៅជើង បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេងខ្ទេច សន្លប់ស្តូកនៅកន្លែង ឃើញសភាពមិនស្រួល អ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ តែដោយសភាពរបួសធ្ងន់ធ្ងរពេក ត្រូវបានដឹកបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែករថយន្តនិងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់  ៕

អត្ថបទ៖តាតុង សែនជ័យ

Share.