កំពង់ចាម ៖ បុរសម្នាក់បានស្លាប់នៅពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តសាំយ៉ុងដឹកអ្នកដំណើរបើកលឿនជ្រុលបុកពីក្រោយ គោយន្តកន្ត្រៃដឹកដើមដំឡូង ប៉ើងក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាទៀបភ្លឺថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៧ ក្នុងភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ជនរងគ្រោះឈ្មោះ យឹម ពុធ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃ្លោយទី៣ ឃុំមៀន ស្រុកព្រៃឈរ ខេត្កកំពង់ចាម បានស្លាប់ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A-9793 បើកបរដោយឈ្មោះ ពេញ រស្មី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួមដំណើរដោយឈ្មោះ ចាប ប៊ុនលី  ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលឿនពីលិចទៅកើត។ ដល់ចំណុចកើតហេតុ គេចមិនទាន់ ដោយសារគោយន្តគ្មានភ្លើងសញ្ញាពីក្រោយ ទើបជ្រុលបុកពីក្រោយគោយន្តកន្ត្រៃ ដឹកដើមដំឡូង ប៉ើងក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ជាអកុសលបានស្លាប់ ។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃដដែល សមត្ថកិច្ចបានចុះវាស់វែងយករថយន្តនិងគោយន្ត ទៅរក្សាទុកនីអធិការដ្ឋាននគរបាលស្រុក រួមទាំងឃាត់អ្នកបើកបររថយន្តផងដែរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.