ភ្នំពេញ ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនពាណិជ្ជករជនជាតិចិនម្នាក់ ដាក់ពន្ធនាគាររាជធានីភ្នំពេញPJ ជាបណ្តោះអាសន្នក្រោមបទចោទ ឆបោក និង ក្លែងបន្លំឯកសារ ។

ជនត្រូវចោទឈ្មោះ វ៉ាង ជីងកាង ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ ជាអ្នករកស៊ី ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ៦០៦ កែងផ្លូវ៣១១ សង្កា ត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ វ៉ាង ជីងកាង ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឃាត់ខ្លួន តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ វង យានអ៊ី ជាជនជាតិចិនដូចគ្នា ដែលជាប្រធានក្រុមហ៊ុន ធូឌេ បូកគោ ឌីវេឡុបមេន ។

តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឈ្មោះ វ៉ាង ជីងកាង បានធ្វើលិខិតប្រគល់សិទ្ធិ ដោយអះអាងថា ខ្លួនជាតំណាងក្រុមហ៊ុន ឲ្យទៅឈ្មោះ មាស ប៊ុនឡី ដើម្បីការពារដី និងប្រយោជន៍របស់ក្រុមហ៊ុន ធូឌេ បូកគោ ឌីវេឡុបមេន ។ តែផ្ទុយទៅវិញដើមបណ្តឹងដែលជាប្រធានក្រុមហ៊ុន មិនបានដឹងអ្វីទាំងអស់ រាល់ទង្វើរបស់ឈ្មោះ វ៉ាង ជីងកាង ប្រព្រឹត្តទាំងឡាយនោះ ទើបប្តឹងទៅសមត្តកិច្ច ឲ្យជួយចាត់ការតាមផ្លូវច្បាប់លើជនសង្ស័យ៕

អត្ថបទ៖ចុតមុខ

Share.