កោះកុង ៖ បុរសកម្មករគ្នា៣នាក់ ផឹកសុីក្លែមសម្តី កើតជាទំនាស់យកកាំបិតចុងស្រួចចាក់លើកម្មករ ២នាក់ទៀត បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ជនដៃដល់មានឈ្មោះ សៀន ស៊ីន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទើបចូលធ្វើការងារបាន៣ថ្ងៃ ស្នាក់នៅកន្លែងកើតហេតុ មានទីលំនៅស្រុកពារាំង ខេត្តព្រៃវែង ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

ចំណែកជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ឌឹម សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែង និងទី២ ឈ្មោះ ទាន កែវ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅស្រុកពារាំង ខេត្តព្រៃវែង បានរងរបួសធ្ងន់ ជនរងគ្រោះទាំង ២នាក់ ត្រូវជាបងប្អូនជីសូនមួយនឹងគ្នា ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ ទាំង៣នាក់នាំគ្នាផឹកបណ្តើរ និយាយជជែកលេងសើចបណ្តើរ​ ផឹកបណ្តើររហូតដល់ស្រវឹងរៀងៗខ្លួន ក៏កើតជាទំនាស់ពាក្យសម្តី រហូតជនដៃដល់យកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះទាំង២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់។

ក្រោយកើតហេតុភ្លាមៗ ជនដៃដល់បានរត់គេចខ្លួនបាត់ រហូតដល់ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចបន្តចុះសាកសួរ ពិនិត្យស្រាវជ្រាវ ស្វែងចាប់ខ្លួនជនដៃដល់៕

Share.