បាត់ដំបង ៖ ស្ត្រីម្នាក់ក្នុងសភាពស្រវឹង ដើររអិលជើងធ្លាក់ចូលក្នុងទឹកអូរកំពុងហក់ឡើង បណ្តាលឲ្យលង់ស្លាប់ ទឹកហូរខ្លាំងគួចប៉ើងទើរជាប់មែកឈើ ទាំងអាក្រាតកាយ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

តាមការបំភ្លឺពីបុរសជាប្តីបានឲ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ រឿត ហៅ រ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករដើរសុីឈ្នួលធ្វើចំការ រស់នៅភូមិ ឃុំកើតហេតុ បានបាត់ពីផ្ទះតាំងពីព្រឹកមកម្ល៉េះ មិនចាប់ធារម្មណ៍ ដោយគាត់ក៏ចាកចេញទៅសុីឈ្នួលបាញ់ថ្នាំស្មៅនៅចំការឲ្យគេបាត់ទៅ រហូតដល់ល្ងាចទើបអ្នកភូមិភ្ញាក់ផ្អើល មានមនុស្សលង់ទឹកអូរស្លាប់ រត់ទៅមើល ទើបដឹងថាជាប្រពន្ធខ្លួនឯង ជាប់ទើរមែកឈើក្នុងទឹកអូរ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីសាកសួរ ពិនិត្យកោសល្យវិច័យ ឃើញថា ជនរងគ្រោះមុនកើតហេតុ មានអាការៈស្រវឹងស្រា ដើររអិលធ្លាក់ចូលទឹកអូរ ស្របពេលដែលទឹកអូរកំពុងហក់ឡើង ទើបបណ្តាលឲ្យលង់ស្លាប់ ហូរប៉ើងខួចតាមទឹក ទើរមែកឈើ របូតសម្លៀកបំពាក់ជាប់មែកឈើ ។

សពក្រោយពិនិត្យរួច សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវបន្ថែមទៀត ៕

Share.