ភ្នំពេញ ៖ យុវតីសិស្សសាលា នៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ចំនួន១១នាក់ ខណៈដែលកំពង់រៀនក្នុងថ្នាក់ ស្រាប់តែកើតមានអាការៈ ដួលសន្លប់ជាបន្តបន្ទាប់ចំនួន១១នាក់ ទាំងមិនដឹងមូលហេតុ ហើយត្រូវបានលោកគ្រូ អ្នកគ្រូ អាជ្ញាធរ ចាត់បញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅអនុវិទ្យាល័យហ៊ុន សែន ពោធិ៍ ចិនតុង ផ្លូវសហព័ន្ធរុស្សុី ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមលោកគ្រូ អ្នកគ្រូ បានឲ្យដឹងថា ខណៈដែលសិស្សទូទាំងសាលា កំពុងរៀនក្នុងថ្នាក់ ស្រាប់តែមានសិស្សស្រីម្នាក់រៀនថ្នាក់ទី៨ កើតមានអាការៈ ដួលសន្លប់ បានផ្អើលឆោឡោ ស្រាប់តែមានសិស្សផ្សេងៗទៀតដួលសន្លប់បន្តបន្ទាប់ សរុប១១នាក់ ក្នុងសភាពបែបនេះ ក៏បានរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច អន្តរាគមន៍ភ្លាមៗ ដោយចាត់បញ្ជូនសិស្សទាំង១១នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។

ករណីសិស្សដួលសន្លប់ខាងលើ អាជ្ញាធរ សមត្ថកិច្ចមិនបានបញ្ជាប់ថាមកពីអ្វីនោះទេ តែបើតាមគ្រូពេទ្យគ្រាន់តែឲ្យដឹងថា មកពីអុកសុីសែនក្នុងឈាមចុះខ្សោយ៕

អត្ថបទ៖តាតុង សែនជ័យ

Share.