មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើមួយកាលពីនៅល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ ពីមានដំណឹងថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ បានរត់ចេញពីមណ្ឌលព្យាបាលមួយកន្លែងនៅក្នុង រាជធានីភ្នំពេញ។

ប្រភពពីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញ ស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ រត់ដល់ចំណុច ស្តុប Nokia ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយមកសមត្ថកិច្ចបានដេញតាមរហូតដល់ចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ដោយស្លៀកពាក់សម្លៀកបំពាក់ ការពារមេរោគ និង ឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្តិ ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩នោះភ្លាមៗ និងបានប្រគល់ទៅឲ្យក្រុមគ្រូពេទ្យ ដើម្បីយកទៅធ្វើការព្យាបាលបន្ត។

បើតាមសមត្ថកិច្ច ករណីរត់គេចនេះ គឺជាការបំពានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធាគាពី៥ឆ្នាំ ទៅ១០ឆ្នាំ៕

Share.