ក្រុម​ជម្រើស​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា ទាំង​២​ក្រុម បាន​​ប្រកួត​ចាញ់​ម្ចាស់​ផ្ទះ​វៀតណាម ២​ប្រកួត​​ទល់១ ប្រកួត នៅ​​ថ្ងៃ​បើក​ឆាក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ ចំនួន​២ប្រកួត​ទល់១​ប្រកួត នៃ​វិញ្ញាសា​បាល់ទះ​ឆ្នេរ​ខ្សាច់​បុរស នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។

ប្រកួត​ក្រុម​ទី១ កម្ពុជា ឈ្នះ​វៀតណាម ២សិត​ទល់០ (២៤-២២,​២១-១៩)
ប្រកួត​ក្រុម​ទី២ កម្ពុជា ចាញ់​វៀតណាម ២​សិត​ទល់០ (២១-១៩,​២៧-២៥)
ប្រកួត​​ក្រុម​ទី៣ កម្ពុជា ចាញ់​វៀតណាម ២សិត​ទល់១សិត (២១-១៩,​១៨-២១,​២៣-២៥)

ក្រុម​ទី១​របស់​កម្ពុជា មាន​ ធី ម៉េងហួង, ជុក សោភា ខណៈ​ក្រុម​ទី២ មាន សោម សាមីត និង អ៊ឹម ណារិទ្ធ។ ចំណែក​ក្រុម​ទី៣ គឺ​គណៈកម្មការ​តម្រូវ​ឱ្យ​ជ្រើសរើស​កីឡាករ​ទាំង​៤នាក់​ក្នុង​ក្រុម​ទាំង​២ ចូលរួម​ប្រកួត​កាត់​សេចក្តី ក្រោយ​ប្រទេស​ទាំង​២​ឈ្នះ​ម្នាក់១​ប្រកួត។ សម្រាប់​កម្ពុជា យក​កីឡាករ​ ធី ម៉េងហួង, ជុក សោភា ទៅ​ប្រកួត​ក្នុង​ប្រកួត​ទី៣ កាត់​សេចក្តី។

ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​បុរស​កម្ពុជា ស្ថិត​ក្នុង​ពូល A ជាមួយ​វៀតណាម ហ្វីលីពីន និង​សិង្ហបុរី ហើយ​ពូល B មាន​ថៃ ឥណ្ឌូណេស៊ី ឡាវ និង​ម៉ាឡេស៊ី។ សម្រាប់​ប្រកួត​បន្ទាប់ កម្ពុជា ទាំង​២​ក្រុម ត្រូវ​ជួប​សិង្ហបុរី នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល ថ្ងៃ​ចន្ទ ទី​១៦ ខែ​ឧសភា ស្អែក​នេះ៕

Share.