ប្រទេសហ្វាំងឡង់ និង ស៊ុយអែត បានខិតកាន់តែជិតក្នុងការចូលរួមជាមួយអង្គការ NATO ដោយបញ្ចប់អព្យាក្រឹតភាពជាច្រើនទសវត្សរ៍ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញការឈ្លានពានផ្នែកយោធារបស់រុស្ស៊ី។

ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto និង នាយករដ្ឋមន្រ្តី Sanna Marin បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានប្រធានាធិបតីក្នុងទីក្រុង Helsinki នាថ្ងៃទី ១៥ ខែ ឧសភា នេះថា ប្រទេសនេះមានគោលបំណងដាក់ពាក្យសុំចូលជាសមាជិករបស់ NATO។

ពួកគេទាំង២នាក់បាននិយាយថា «ថ្ងៃនេះប្រធាននៃសាធារណរដ្ឋ និង គណៈកម្មាធិការគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលបានព្រមព្រៀងរួមគ្នាថា ប្រទេសហ្វាំងឡង់នឹងដាក់ពាក្យសុំចូលជាសមាជិកអង្គការ NATO បន្ទាប់ពីបានពិភាក្សាជាមួយសភា។ នេះគឺជាថ្ងៃប្រវត្តិសាស្រ្ត សករាជថ្មីកំពុងចាប់ផ្ដើម»។

ប្រធានាធិបតី Sauli Niinisto បន្ដថា មូលហេតុដែលលោកសម្រេចចិត្តចូលជាសមាជិករបស់ NATO ព្រោះតែចង់ផ្លាស់ប្ដូរគោលនយោបាយជាប្រវត្តិសាស្រ្តមួយ ដែលជំរុញដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ជាមួយគ្នាគណបក្សប្រជាធិបតេយ្យសង្គមដែលកំពុងកាន់អំណាចរបស់ប្រទេសស៊ុយអែតបាននិយាយនៅថ្ងៃដដែលនោះថា ខ្លួនពេញចិត្តក្នុងការចូលជាសមាជិក NATO។ គណបក្សនឹងស្វែងរកការគាំទ្រពីសភានៅថ្ងៃទី ១៦ ខែ ឧសភា នេះ ដោយគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តី Magdalena Andersson រំពឹងថានឹងធ្វើការប្រកាសនៅពេលក្រោយ។​

នាយករដ្ឋមន្រ្តីស៊ុយអែត Andersson បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីការសម្រេចចិត្តរបស់គណបក្សថា «អ្វីដែលល្អបំផុតសម្រាប់សន្ដិសុខរបស់ប្រទេសស៊ុយអែត និង ប្រជាជនស៊ុយអែតគឺការចូលរួមក្នុងអង្គការ NATO»។

ក្រោយការប្រកាសរបស់ប្រទេសហ្វាំងឡង់ ប្រទេសស៊ុយអែតក៏ត្រូវបានគេរំពឹងថា នឹងធ្វើបែបនេះផងដែរ ខណៈដែលការគាំទ្រសាធារណៈ សម្រាប់សមាជិកភាពអង្គការណាតូ បានកើនឡើងចំពេលមានការ ព្រួយបារម្ភ អំពីសុវត្ថិភាព។

ទន្ទឹមគ្នានេះ ទីក្រុងមូស្គូបានព្រមានប្រទេសដែលមានព្រំដែនជាប់ប្រទេសរបស់ខ្លួនថា វានឹងជាកំហុសដ៏ធំមួយសម្រាប់ប្រទេសហ្វាំងឡង់ ដែលចូលរួមក្នុងអង្គភាពសម្ព័ន្ធអាត្លង់ទិកមួយនេះ ហើយថា វានឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។

សូមជម្រាបថា ប្រទេសស៊ុយអែតបានចោទប្រកាន់រុស្ស៊ីម្ដងហើយម្ដងទៀតថា បានរំលោភលើដែនអាកាសរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ខណៈប្រទេសហ្វាំងឡង់មានព្រំដែន ១,៣០០គីឡូម៉ែត្រ ជាមួយរុស្ស៊ីហើយ នៅតែមិនចូលបក្សសម្ព័ន្ធយោធាអស់រយៈពេល ៧៥ឆ្នាំ កន្លងមក៕

ប្រភព៖ rferl

Share.