រឿង​រ៉ាវ​កាន់​តែ​ក្ដៅ​គគុក​ខ្លាំង​ឡើង​នៅ​ពេល​ដែល​តារា​សម្ដែង​ព្រីន​ បាន​បន្ត​ចេញ​មក​ទម្លាយ​រឿងមាន​ជនខិលខូច​បាន​ប្រើប្រាស់​រូបថត​ខ្លួន​ទៅ​បោក​នារី​រូប​គ្រោះ​ជា​ច្រើន​នាក់​ សរុប​ជា​ទឹក​ប្រាក់​ជិត​ចូល​ខ្ទង់​ម៉ឺន​ដុល្លារ​ ព្រម​ទាំង​បាន​បោក​យក​ម៉ូតូ​ជាច្រើន​គ្រឿង​​ទៀត​។

ជា​ថ្មី​ម្ដង​ទៀត​​នៅយប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា តារា​សម្ដែង​ព្រីន បាន​ចេញ​មក​ទម្លាយ​បញ្ហា​មានជន​អនាមិក​បាន​ប្រើប្រាស់​រូបថត​របស់​ខ្លួន​ទៅ​បោក​ប្រាស់​មនោសញ្ចេតនា​របស់​នារី​រង​គ្រោះ​ រួចហើយ​ប្រើប្រាស់​កល​ល្បិច​ឱ្យ​ជនរងគ្រោះ​ទម្លាក់​លុយ​ឱ្យ​ខ្លួន​ ដោយ​ក្នុង​នោះ​មាន​នារី​រងគ្រោះ​ជា​ច្រើន​នាក់​បាន​ទំនាក់​ទំនង​មក​ហ្វេសប៊ុក​ផេក​ផ្លូវការ​លោក​ទើប​បែក​រឿង​។

នារី​រង​គ្រោះ​មួយ​រូប​បាន​ភ្ញាក់​ខ្លួន​និង​ដឹង​ថា​ខ្លួន​ត្រូវ​បាន​គេ​បោក​ប្រាស់​ដោយ​សារ​តែ​ពេល​កំពុង​តែ​ជជែក​ជាមួយ​នឹង​ព្រីន​ក្លែងក្លាយ​នោះ​ ស្រាប់​តែ​កញ្ញា​បាន​ឃើញ​ព្រីន​កំពុង​តែ​ Live ជាមួយ​នឹង​អ្នកស្រី ទ្រី ដាណា ក្នុង​កម្មវិធី​បើក​សម្ពោធ​ហាង​ថ្មី​ ទើប​ធ្វើ​ឱ្យ​ខ្លួន​ដឹង​ថា​ត្រូវ​គេ​បោក​ ហើយ​មិន​បាន​ផ្ញើ​ប្រាក់​ចំនួន​២​ពាន់​ដុល្លារ​ទៅ​ឱ្យ​ថែម​ទៀត​។

គណនី​ក្លែង​ក្លាយ​ដែល​ប្រើប្រាស់​រូប​ព្រីនហើយ​យក​ទៅ​បោកប្រាស់​គេ​នោះ​មាន​ឈ្មោះ​ថា​ «បងសិន​​លក់​ម៉ូតូ​គ្រប់​ប្រភេទ​» គណនី​នេះ​ត្រូវ​បាន​លោក​ព្រីន ច្រាន​ចោល​ថា​មិន​មែន​ជា​របស់​លោក​ឡើយ​ ដោយ​លោក​មាន​គណនី​ផ្លូវ​ការ​តែ​មួយ​គត់​សម្រាប់​ទំនាក់ទំនង​និង​ចែក​រំលែក​ដំណឹង​ការងារ​សិល្បៈ​ជាមួយ​នឹង​អ្នក​គាំទ្រ​។ យ៉ាង​ណា​មិញ​គណនី​ក្លែងក្លាយ​ខាង​លើ​នេះ​បាន​បាត់​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រោះ​បច្ចុប្បន្ន​​នៅ​ពេល​ដែល​ចុច​ស្វែង​រក​ឈ្មោះ​មិនមាន​ឃើញ​ទៀត​នោះ​ទេ​​ អាច​ដោយ​សារ​តែ​ជន​នោះ​ដឹង​ខ្លួន​ថា​មាន​គេ​ដឹង​អំពី​អំពើ​ទុច្ចរិត​របស់​ខ្លួន​ ហើយ​បាន​ប្ដូរ​ឈ្មោះ​ឬ​លុប​ចោល​គណនី​នេះ​តែ​ម្ដង​។

គណនីក្លែងក្លាយ (Fake Account)

​ហេតុ​ដូច​បាន​រៀប​រាប់​ខាង​លើ​ សម្រាប់​មិត្ត​នារី​ សូមមេត្តា​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​បន្ត​ចាញ់​បោក​គណនី​ដែល​យក​រូប​តារា​ទៅ​ប្រើប្រាស់​ជា​បន្ត​ទៀត​ ព្រោះ​តារា​ភាគ​ច្រើន​មិន​មាន​គណនី​ច្រើន​នោះ​ទេ គឺ​ប្រើ​តែ​គណនី​ផ្លូវ​ការ​មួយ​ប៉ុណ្ណោះ​៕

ទស្សនា​វីដេអូ​ខាង​ក្រោមដើម្បី​លម្អិត​សាច់​រឿង​៖

​អត្ថបទទាក់ទងព្រីន៖

Share.