គេនៅចាំបានថា ភរិយារបស់តារាជើងចាស់សំឡេងស្អក ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត គឺអ្នកស្រី នួន សុផាន្នី បានទទួលមរណភាពកាលពីកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ អំឡុងពេលដែលអ្នកស្រីកំពុងសម្រាកព្យាបាល​ជំងឺកូវីដ-១៩។ មហាជនអ្នកគាំទ្រតារាចម្រៀង វី ឌីណែត មានចិត្តអាណិតចំពោះនាងខ្លាំងមែនទែន ដោយសារតែសពរបស់ម្ដាយនាង ក៏មិនត្រូវបានអនុញ្ញាតិឱ្យឃើញមុខជាលើកចុងក្រោយ ហើយសូម្បីតែយកសពមកធ្វើបុណ្យតាមប្រពៃណីក៏មិនបានផង។

ចួបអ្នកសារព័ត៌មានត្រយងនាថ្ងៃម្សិលមិញនេះ តារាចម្រៀង វី ឌីណែត បានបង្ហើបអារម្មណ៍ប្រាប់ថា រហូតមកទល់ថ្ងៃនេះ នាងនៅដក់ជាប់អារម្មណ៍ឈឺចាប់ ព្រោះបាត់បង់ម្ដាយជាទីស្រឡាញ់ ដោយសារតែរងគ្រោះជំងឺកូវីដ១៩ ហើយនៅពេលនោះសោតទៀត នាងស្ដាយត្រង់ថា នៅមិនទាន់មានវ៉ាក់សាំងចាក់ការពារជំងឺកូវីដនៅឡើយ។

មកដឹងពីសម្រង់សម្ដីរបស់តារាស្រី វី ឌីណែត បានលើកឡើង៖ «បើនិយាយទៅ ! អាចនិយាយបានថា វារៀងជូរចត់បន្តិចបង ព្រោះរាល់ថ្ងៃយើងឈឺតែខ្លួនឯងនេះមិនអីទេ តែឈឺទាំងគ្រួសារ ថែមទាំងមានបញ្ហាដល់ម៉ាក់ទៀត។ គឺពិបាកនិយាយតែម្ដង..ពិបាកនិយាយណាស់បង..ធម្មតាយើងបានបាត់បង់មនុស្សជាទីស្រឡាញ់។ ពិបាក! ហើយនេះយើងបាត់បង់ទាំងដែលយើងមិនបានលាគ្នាជាលើកចុងក្រោយ អត់មានបានឃើញមុខគាត់ ហើយនិយាយទៅ សូម្បីតែយកសពម៉ាក់មកធ្វើបុណ្យក៏មិនបាន។ ខ្ញុំពិតជាពិបាកទទួលយកមែនទែន»។

បើទោះបីជាស្ថានភាពកូវីដ-១៩នៅប្រទេសកម្ពុជា មានសភាពធូរស្បើយ និងមិនអាត្រានៃអ្នកជំងឺ ក៏ប៉ុន្ដែ តារាចម្រៀងរូបនេះ នៅតែអំពាវនាវឱ្យមហាជនទាំងអស់ ចូលរួមរាល់វិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ​ឱ្យបានគ្រប់ដូស គ្រប់ៗគ្នា។ ហើយតារាស្រីរូបនេះ បានផ្ដាំថា កុំភ្លេចទៅទស្សនាភាពយន្ត «គ្រោះជីវិតកូវីដ-១៩» ព្រោះជាភាពយន្តដែលមានមួយផ្នែកនិយាយអំពីជីវិតរបស់គ្រួសារនាងផងដែរ៕

Share.