ភ្នំពេញ ៖ រថយន្តកូរ៉េ វ៉ាជែងរថយន្តមួយគ្រឿងទៀត​ ជ្រុលបុកម៉ូតូពេញទំហឹង បណ្ដាលមនុស្ស៣នាក់របួសធ្ងន់ស្រាល ហើយរថយន្តឡើងឃឿនសួនក្រឡាប់បះជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ ទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តកូរ៉េមួយគ្រឿងម៉ាក KAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9572 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានវ៉ារថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ក៏ជ្រុលទៅបុកម៉ូតូវេវមួយគ្រឿងស៊េរីចាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-5514 ជិះគ្នា២នាក់ធ្វើដំណើរច្រាស់ទិសដៅគ្នា បណ្តាលឱ្យរបួស២នាក់ ចំណែករថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកឃឿនសួននៅមុខផ្ទះប្រជាពលរដ្ឋក្រឡាប់បះជើង ហើយអ្នកបើកបរបានរត់គេចបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយខាងកម្លាំងសមត្ថកិត្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកកន្លែងកើតហេតុ រួចបញ្ជូនជនរងគ្រោះទៅសង្រ្គោះភ្លាមៗ ហើយធ្វើការវាស់វែងយករថយន្តបង្ក រួមទាំងម៉ូតូរងគ្រោះយកទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.