រូបថត៖PreyVengFC

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី២៤ ខែ​ឧសភា ឆ្នាំ​២០២១ ដើម្បី​ត្រៀម​ទៅ​ចូលរួម​​ក្នុង​វគ្គ​ជម្រុះ​ជុំទី២ ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ​ដែល​ធ្វើ​ឡើង​នៅ​ដើម​ខែ​មិថុនា ខាង​មុខ ក្នុង​​ប្រទេស​បារ៉ែន។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ពេល​នេះ​គឺ​ក្រុម​យុវជន​របស់​ខេត្ត​ព្រៃវែង រហូត​ដល់​ទៅ​៤រូប​ត្រូវ​បាន​លោកRyu Hirose គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កោះហៅ​ឱ្យ​ចូល​ក្រុម​ដើម្បី​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ កីឡាករ​ទាំង​៤រូប​នេះ​មាន ឡេង ណូរ៉ា, ស រតនា, ញឹម លីហួរ និង វុធ តុលា។

អត្ថបទពាក់ព័ន្ធ៖បញ្ជី​ឈ្មោះ​ជម្រើសជាតិ​កម្ពុជា ទៅ​ជម្រុះ World Cup ចេញ​ហើយ ខណៈ​ក្រុម​វិសាខា…

រយៈពេល​ជាង​១០ឆ្នាំ​មក​នេះ បើ​ធៀប​នឹង​ក្រុម​ឡើង​មក​ពី​លីគ​លំដាប់​ទី២ ឬ ក២ (ជំនាន់​មុន) មាន​តែ​ក្រុម​បឹងកេត និង​វិសាខា ទេ​ដែល​ឡើង​មកលីគ​កំពូល​​ភ្លាម​មាន​សមាជិក​ជាប់​ជម្រើស​ជាតិ​ភ្លាម៖

*ឆ្នាំ​២០១២ ក្រុម​បឹងកេត ទទួល​កៅអី​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា ហើយ​ជំនាន់​នោះ​មាន​កីឡាករ​៣រូប ត្រូវ​បាន​លោក ហុក សុចិត្រា ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជំនាន់​នោះ​កោះហៅ​ទៅ​ចូលរួម​ប្រកួត​ក្នុង​កីឡា AFF Suzuki Cup 2012 នៅ​ប្រទេស​មីយ៉ាន់ម៉ា។ កីឡាករ​ទាំង​៣នោះ​មាន​ខ្សែការពារ ខៀវ វិបុល និង​ ទូច បញ្ចុរ៉ុង និង​ខ្សែ​ប្រយុទ្ធ កែវ សុខង៉ន។

*ឆ្នាំ​២០១៨ ក្រុម​វិសាខា ទទួល​បាន​កៅអី​ឡើង​មក​លេង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ជា​លើក​ដំបូង​ដោយ​កាល​នោះ​មាន​​តែ​​កីឡាករ​២រូប​ប៉ុណ្ណោះ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មាន​ខ្សែ​ការពារ រស់ សំអឿន និង​អ្នកចាំទី កែវ សុខសិលា។ កាល​ណោះ​ក្រុម​ជម្រើស​ជាតិ​ត្រូវ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​នៃ​ពានរង្វាន់ 2019 AFC Asian Cup UAE ដែល​ប្រកួត​បិទ​ពូល​ជាមួយ​អាហ្វហ្គានីស្ថាន ក្នុង​ខែ​មីនា ឆ្នាំ​២០១៨។ គ្រូ​បង្វឹក​ជំនាន់​នោះ​គឺ​លោក ប្រាក់ សុវណ្ណារ៉ា ដែល​ចូល​ដឹកនាំ​ជំនួស​លោក Leonardo Vitorino ត្រូវ​សហព័ន្ធ​បញ្ឈប់​កាលពី​ចុងឆ្នាំ​២០១៧៕

Telegram-Troryorng
Share.