ភ្នំពេញ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណជិះរថយន្តមិនចាំម៉ាកគ្រឿងដកអាវុធខ្លីចេញពីរថយន្តបាញ់ចំនួន ៣គ្រាប់​ រួចគេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​។  ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៣ និង ៤៥ នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី ១៨ ខែឧសភា​ ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវ ៤៣២ នៅក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ 

បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យបានដឹងថា៖​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង មិនចាំស្លាកលេខ បើបរដោយបុរសម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ៤៣២ ក្នុងទិសដៅពីកើតទៅលិច​ ខណៈពេលដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បុរសរូបនោះក៏បានដកអាវុធខ្លី មិនស្គាល់ម៉ាកចំនួន១ ដើមនិង​បាន​ធ្វើ​សកម្មភាព​បាញ់ចំនួន ៣ គ្រាប់​ តែជាសំណាងល្អមិនបានត្រូវអ្នកដំណើរ នឹងអ្នកនៅក្បែរកន្លែងកើតហេតុទេ រួច​បេីក​រថយន្ដ​ គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​ បាត់​ស្រមោល​។ 

ក្រោយពីកើតហេតុ ក៏មានវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងកងរាជអាវុធហត្ថខណ្ឌចំការមន​ បានចុះមកដល់និងទីតាំងកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ​ ក៏ប្រទះឃើញសំបកគ្រាប់ ចំនួន ៣​គ្រាប់​នៅ​កន្លែង​កើត​ហេតុ​។ 

សមត្ថកិច្ចមូលដ្ឋាន និងកងរាជអាវុធហត្ថខណ្ឌចំការមន បានធ្វើការយកសំបកគ្រាប់ទាំងនោះ យកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវ បន្តស្វែងរកជនសង្ស័យ​ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Share.