គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្ដីណែនាំ២ទំព័រ បញ្ជាក់ច្បាស់ៗអំពីអ្នកដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងនោះប្រសិនបើមានជនណាម្នាក់បំពានគោលការណ៍ណែនាំដូចបានបញ្ជាក់ពាក់ព័ន្ធនឹងការចេញចូលការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនោះ អាចរងពិន័យពី៥ទៅ២០លានរៀលឯណោះ។

បើតាមសេចក្ដីណែនាំចុះហត្ថលេខាដោយឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប អ្នកដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុង រួមមានមន្រ្តីបោះឆ្នោតដែលបានទទួលការតែងតាំងដោយ គ.ជ.ប, ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និងអ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប, អ្នកសារព័ត៌មានដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ហើយប្រសិនបើក្នុងករណីគ្មានប័ណ្ណសម្គាល់ អនុញ្ញាត អ្នកសារព័ត៌មានអាចចូលក្នុងការិយាល័យបោះឆ្នោត ដើម្បីគោលបំណងបោះឆ្នោតតែប៉ុណ្ណោះ ប្រសិនបើគាត់មានឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ

ជាមួយគ្នានេះអ្នកដែលអាចត្រូវបានអនុញ្ញាតដែរនោះ គឺអ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ ជនដែលអមដំណើរអ្នកបោះឆ្នោតជាជនមានពិការភាព តាមលក្ខខ័ណ្ឌដូចមានចែងក្នុង មាត្រា ១១៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរ ក្នុងករណីចាំបាច់។

ដោយឡែកអ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនោះរួមមានមន្ត្រីរាប់សន្លឹកឆ្នោត ដែលបានទទួលការតែងតាំងពី គ.ជ.ប, ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.រ ធ្វើសំណូមពរក្នុងករណីចាំបាច់។

«មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុង នូវជនទាំងឡាយដែលមិនស្ថិតក្នុងចំណុចទី១ ខាងលើ។ អ្នកដែលប្រព្រឹត្តអំពើល្មើសដូចមានចែងក្នុងចំណុចខាងលើ ត្រូវទទួលពិន័យតាមមាត្រា១៧១ នៃ ច.ប.ឃ.ស ដោយការផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត»។ នេះជាខ្លឹមសារដែល គ.ជ.ប បានសង្កត់ធ្ងន់ចំពោះករណីល្មើសេចក្ដីណែនាំខាងលើ។

គ.ជ.ប បានអះអាងថាការដាក់ចេញគោលការណ៍ណែនាំខាងលើនេះ គឺដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ខណៈការឃោសនាបោះឆ្នោតនេះ នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ មានគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនចូលរួមប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់៕

Share.