តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra លោក ខេម បានចេញមកបង្ហោះសារសម្ដែងនូវក្ដីរំភើបនិងរីករាយចំពោះស្មារតីចូលរួមសហការរបស់ប្រជាពលរដ្ឋធ្វើឱ្យទីក្រុងកាន់តែមានភាពស្រស់ស្អាត ជាពិសេសក្រោមភ្លៀងមួយមេធំមិនមានអណ្ដែតសំរាមនៅស្ទឹងមានជ័យដូចកាលពីមុនទៀតនោះទេ។

នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ លោក ខេម តារាចម្រៀងសំឡេងស្អកបែបពីរោះបានបង្ហោះសារលើផេកផ្លូវការរបស់ខ្លួនបង្ហាញពីមោទកភាពចំពោះប្រណីតភាពទីក្រុងស្អាត គ្មានសំរាម ព្រោះក្រោយភ្លៀងមួយមេធំកាលពីយប់មិញនៅខណ្ឌមានជ័យ មិនមានបន្សល់គំនរសំរាម អណ្ដែតត្រៀមត្រាដូចមួយរយៈកាលពីមុនទៀតនោះទេ។
«សូមសរសើរនឹងសប្បាយចិត្តណាស់ហើយខ្ញុំសូមលើកទឹកចិត្តពុកម៉ែបងប្អូនរស់នៅស្ទឹងមានជ័យរូបភាពដែលបានពីបណ្តាញសង្គមបញ្ជាក់ភ្លៀងមួយមេធំគ្មានសំរាមអណ្តែតដូចមុនទៀតទេ នេះសបញ្ជាក់អោយឃើញពីការចូលរួមនឹងយល់ដឹងអំពីផលប៉ះពាល់នៃការចោលសំរាម សូមលើកដៃអរគុណ ហើយសង្ឃឹមថាខណ្ឌដទៃទៀតនឹងបានផ្លាស់ប្តូរផ្នត់គំនិតបញ្ឈប់ការចោលសំរាមផ្តេសផ្តាស ដើម្បីទីក្រុងនិងប្រទេសរបស់យើង។»

សំណេរអបអរសាទររបស់លោកដែលបានបង្ហោះលើបណ្ដាញសង្គមទទួលបានការពេញចិត្តពីសំណាក់មជ្ឈដ្ឋានមហាជនយ៉ាងច្រើនដោយមានការ Comment និង Share បន្តយ៉ាងច្រើនដូចជាមានចំនួន Likes ១៤K ចំនួន Shares ៨០៧ និង ចំនួន Comments ជាង ២០០ ផងដែរគិតត្រឹមម៉ោងរសៀលថ្ងៃទី២៤ ខែឧសភា៕
