តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានបញ្ជូនក្រុមស៊ើបអង្កេត ៤២នាក់ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី នៅក្នុងអ្វីដែលខ្លួនហៅថា ការដាក់ពង្រាយក្រុមស៊ើបអង្កេតដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

លោក Karim Khan ដែលជាប្រធានរដ្ឋអាជ្ញានៃតុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុង ឡាអេ បាននិយាយថា ក្រុមនេះរួមមានអ្នកស៊ើបអង្កេត អ្នកជំនាញផ្នែកកោសល្យវិច្ច័យ និង បុគ្គលិកគាំទ្រ ហើយនឹងធ្វើការជាមួយអាជ្ញាធរអ៊ុយក្រែន។

លោក Khan បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «នេះតំណាងឲ្យការដាក់ពង្រាយក្រុមការងារតែមួយដ៏ធំបំផុតមិនធ្លាប់មានដោយការិយាល័យរបស់ខ្ញុំចាប់តាំងពីត្រូវបានបង្កើតឡើង»។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតរបស់ពិភពលោក។

លោកបន្ថែមថា «ក្រុមស៊ើបអង្កេតនេះនឹងជំរុការស៊ើបអង្កេតរបស់យើងលើឧក្រិដ្ឋកម្មដែលធ្លាក់ចូលទៅក្នុងយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និង ផ្ដល់ការគាំទ្រដល់អាជ្ញាធរជាតិអ៊ុយក្រែន»។

លោក Khan បានថ្លែងអំណរគុណដល់ប្រទេសហូឡង់ ដែលជាកន្លែងតុលាការសម្រាប់បញ្ជូនអ្នកជំនាញជាតិរបស់ខ្លួនមួយចំនួនដើម្បីជួយក្នុងបេសកកម្មនេះ។

លោកឲ្យដឹងទៀតថា តុលាការនឹងធ្វើការជាមួយអ្នកជំនាញបារាំងដែលមានរួចហើយនៅក្នុងអ៊ុយក្រែន។

រដ្ឋអាជ្ញា ICC បានប្រកាសពីការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានចោទប្រកាន់ក្នុងរយៈពេល ៤ថ្ងៃ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ កុម្ភៈ កន្លងទៅ។

​លោក Khan បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនក្នុងខែមេសា ដោយធ្វើដំណើរទៅកាន់ជាយក្រុង Kyiv ទីក្រុង Bucha ដែលជាកន្លែងដែលអ្នកកាសែត AFP បានឃើញសាកសពយ៉ាងហោចណាស់ ២០នាក់ នៅតាមផ្លូវកាលពីថ្ងៃទី ២ ខែ មេសា។ លោក Khan ថា ទិដ្ឋភាពនោះគឺ អ៊ុយក្រែនគឺជាកន្លែងឧក្រិដ្ឋកម្ម។​

ជុំវិញការឈ្លានពាននេះ អ៊ុយក្រែនបានស្ដីបន្ទោសរុស្ស៊ីពីការសម្លាប់ជនស៊ីវិលរង្គាល ប៉ុន្ដែរុស្ស៊ីបានបដិសេធ និង មិនទទួលខុសត្រូវចំពោះការស្លាប់នេះ ហើយបានឆ្លើយតបថា ព្រឹត្តិការណ៍ស្លាប់រង្គាលជនស៊ីវិលនៅទីក្រុង Bucha ជាព័ត៌មានមិនពិត៕

ប្រភព៖ CNA

Share.