ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៧ឧសភាម្សិលមិញ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បានចាត់ទុកជាមោទកភាពបំផុតដែលកងម្លាំងមួកខៀវរបស់កម្ពុជា មានស្ត្រីរហូតដល់១៩%។

ឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ជម្រាបឯកឧត្តម ហ៊ុន ម៉ាណែត ដោយចាត់ទុកភាគរយនៃការចូលរួមរបស់កងទ័ពមួកខៀវស្ត្រីកម្ពុជាជាមួយអង្គការសហប្រជាជាតិនេះ ថាជាប្រការល្អហួសពីការរំពឹងទុករបស់អង្គការសហប្រជាជាតិទៅទៀត ហើយថាកងកម្លាំងជាស្ត្រីទាំងអស់នេះ ពិតជាមានសារៈសំខាន់ និងកំពុងមានតម្រូវការច្រើន ដោយហេតុថា ភាគច្រើននៃជនរងគ្រោះនៅក្នុងបណ្តារដ្ឋដែលកំពុងមានសង្គ្រាម គឺជាស្ត្រី ដូច្នេះជាការចាំបាច់ដែលស្ត្រីអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយស្រ្តី។

ឯកឧត្តម Jacques PELLET ក៏បានបង្ហាញការកត់សម្គាល់ដែរថាកម្ពុជាជាប្រទេសដែលមានបទពិសោធន៍យ៉ាងជូរចត់ក្នុងនាមជាជនរងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែឥឡូវកម្ពុជាមានកងទ័ពប្រកបដោយសមត្ថភាពខ្ពស់ទាំងលើជំនាញ និងមានផ្នែកភាសាបារាំងរាប់ពាន់នាក់ដែលបាន និងកំពុងបំពេញភារកិច្ចនៅក្នុងបណ្តាប្រទេសជាច្រើនក្នុងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៧ពាន់នាក់ទៅបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្ដាល សាយប្រឺស និងយ៉េមែន ជាដើម។ បច្ចុប្បន្ន កម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។

នៅក្នុងជំនួបនោះដែរ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសាធារណរដ្ឋបារាំង ដែលកន្លងមកតែងបានជួយជ្រោមជ្រែងកម្ពុជាលើកិច្ចការសំខាន់ៗជាច្រើនក្នុងនោះក៏រួមទាំង ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមកកម្ពុជា ការផ្តល់ជំនួយអភិវឌ្ឍន៍ និងអាហារូបករណ៍ដល់និស្សិតកម្ពុជា និងកិច្ចខិតខំប្រែងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការរកដំណោះស្រាយសន្តិវិធីសម្រាប់បញ្ហាមីយ៉ាន់ម៉ា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ ដូចជាការផ្តល់ជំនួយយោធា និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញយោធា, ជំនាញប្រតិបត្តិការថែរក្សាសន្តិភាព និងភាសាបារាំង ជាដើម ជាពិសេសការឧបត្ថម្ភគាំទ្រដល់សាលានាយទាហានសកម្ម និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។

គួររម្លឹកថាកាលពី​ថ្ងៃទី​ ​២៤​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​អង្គការសហប្រជាជាតិ​ ​(​UN​)​ ​បាន​បង្ហោះ​រូប​កងទ័ព​មួក​ខៀវ​ជានា​រី​របស់​កម្ពុជា​ ​ដើម្បី​ជា​ការ​អរគុណ​ដល់​វី​រកងព័​ពក​ម្ពុ​ជា​ ទាំង​ស្ត្រី​ ​និង​ ​បុរស​ ​ដែល​បាន​លះបង់​យ៉ាង​ធំធេង​ស៊ូ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ ​ដើម្បី​រក្សា​នូវ​សន្តិភាព​ពិភពលោក​ ដោយ​សរសេរ​នៅ​លើ​ផ្ទាំង​រូបភាព​យ៉ាង​ដូច្នេះ​ថា​​«​ស្រ្តី​ ​និង​បុស​ ​ដ៏​ក្លាហាន​ ​មក​ពី​ប្រទេស​កម្ពុជា​ ​បាន​ចាកចេញ​ពី​ក្រុម​គ្រួសារ​របស់​ខ្លួន​ ​ហើយ​កំពុង​បម្រើ​ដើម្បី​សន្តិភាព​ ​ជាមួយ​បេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ ​នៅ​ជុំវិញ​ពិភពលោក​។​ ​យើង​អរគុណ​ពួកគេ​សម្រាប់​ការចូលរួម​ ​និង​ការ​លះបង់​របស់​ពួកគេ​»​ ៕​ ​

Share.