បន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបត្ថម្ភថ្មមិច ៥,០០០ម៉ែត្រគូបបន្ថែមទៀត ត្រូវបានផ្តល់ជូនអាជ្ញាធរក្រុងប៉ោយប៉ែត​​ ខេត្តបន្ទាយមាន ជ័យសម្រាប់យកទៅជួយជួសជុសផ្លូវ សម្រួលដល់ការធ្វើដំ ណើរជូនប្រជាពលរដ្ឋ។

នៅថ្ងៃព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអញ្ជើញសម្ភោធអគារសិក្សា១ខ្នង មាន៦បន្ទាប់ និងសមទ្ធិផលផ្សេងៗ នៅសាលាបឋមសិក្សាអូរឬស្សីក្រោម ក្នុងសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ ក្នុងឪកាសនោះដែរឯកឧត្តម បានឧបត្ថម្ភថ្មមិច៥,០០០ម៉ែត្រគូបបន្ថែម សម្រាប់ឲ្យអាជ្ញាធរក្រុងប៉ោយប៉ែតយកទៅជួយជួសជុសផ្លូវជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ផ្លូវក្នុងក្រុង និងផ្លូវលំ មួយចំនួនធំត្រូវបានរងការខូច ខាត ដោយសារទឹកជំនន់ ហើយផ្លូវមួយចំនួនត្រូវបានរដ្ឋបាលក្រុងជួសជុលកែលម្អឡើងវិញ ដោយផ្លូវខ្លះចាក់បេ តុង ក្រាលថ្មមិច និងជួសជុលកៀរកិនបង្ហាប់។ ដោយឡែកថ្មមិចដែលជាអំណោយរបស់ឯកឧត្តម ឧបនា យករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាឡៃ ចំនួន២០,០០០ម៉ែត្រគូប សំរាប់ឲ្យរដ្ឋបាលក្រុងប៉ោយប៉ែតជួលជុលផ្លូវចាក់ថ្មមិចសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរយកទៅប្រើប្រាស់រហូតមកទល់នឹងបច្ចុប្បន្ននេះ អស់ចំនួន១៧,៦០០ម៉ែត្រគូប ក្នុងនោះជួសជុលផ្លូវចាក់ថ្មមិច មានដូចជា សង្កាត់ប៉ោយប៉ែត បាន៤១ខ្សែ អស់ថ្មមិច៤,៦៩២ម៉ែត្រគូប , សង្កាត់ផ្សារកណ្តាល ៥៧ខ្សែ អស់ថ្មមិច ៣,៩៥៩ម៉ែត្រគូប , សង្កាត់និមិត្ត ៤៧ខែ្ស អស់ថ្មមិច ៤,១២១ម៉ែត្រគូប , សង្កាត់ អូរឬស្សី ១១ខ្សែ អស់ថ្មមិច ២,៧៩៨ម៉ែត្រគូប និងសង្កាត់អូរជ្រៅ ១៨ផ្លូវ អស់ថ្មមិច ២,០៣០ម៉ែត្រគូប។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជម្រុញឲ្យអាជ្ញាធរត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ត្រូវឆ្លើយតបឲ្យខានតែបាននូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្រៅពីតម្រូវការផ្លូវថ្នល់ ត្រូវមានភាពស្មោះត្រង់បំរើប្រជាពលរដ្ឋ និងបំរើសេវាកម្មរដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា និងធ្វើឲ្យអស់ពីលទ្ធភាព៕

អត្ថបទ៖ ប៉ោយប៉ែត

Share.