នៅរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២នេះ តារាចម្រៀង អ៊ាម វន្នី បានបញ្ចូនដំណឹងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនឱ្យដឹងថា ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតគ្រោះថ្នាក់ចរាចរណ៍ពេលត្រឡប់មកពីខេត្ត ព្រះវិហារ ក្នុងស្រុកឆែប។

ដំណើរដើមហេតុខាងលើដែលបណ្ដាលឱ្យឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី​ ធារិកា បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ក៏ព្រោះតែ រថយន្ដរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានក្រឡាប់ដោយខ្លួនឯងក្រោយត្រឡប់មកពីចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ នៅស្រុកឆែប ខេត្តព្រះវិហារ។

តាមសម្ដីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លើកឡើងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្ស២នាក់ស្លាប់ ដែលគេដឹងថា ជាឪពុកនិងម្ដាយបង្កើត របស់តារាចម្រៀង សុវត្ថិឌី ធារិកា ហើយមាន២នាក់ទៀតរបួស។ លោកឧត្តមសេនីយ៍ស្នងការ បានឱ្យដឹងទៀតថា កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗ ប៉ុន្តែជាអកុសល រថយន្តបានប្រឡាប់ចូលប្រឡាយដែលនៅជាប់នៅផ្លូវ ហើយបណ្តាលឪពុកនិងម្ដាយរបស់តារាចម្រៀងស្រីរូបនេះឈ្លក់ក្នុងទឹករហូតបាត់បង់ជីវិតនៅហ្នឹងកន្លែងតែម្តង ដែលមិនអាចសង្គ្រោះបានទាន់ពេលវេលា។

យ៉ាងណាមិញ ក្រុមសមាគមសិល្បករខ្មែរ ដឹកនាំដោយ អ្នកនាង ចន ច័ន្ទលក្ខិណា បានចាំទទួលសពឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា និងរៀបចំធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ។ សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានដឹងមកតាមរយៈរថយន្តសាម៉ុយចេញពីខេត្តព្រះវិហារ មកតម្កល់ធ្វើ​បុណ្យនៅវត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃទី ១៧ ឧសភា នេះប្រហែល១០យប់ថ្ងៃ។

តាមការរៀបរាប់របស់ សុវត្ថិឌី ធារិកា បានឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗ ប្អូនប្រុសរបស់ខ្លួនរើបំរាស់ចេញពីក្នុងឡាន និងស្ទុះមកជួយកញ្ញា តែជាអកុសលមិនអាចជួយឪពុកម្ដាយបាន ព្រោះស្ថានភាពនៅពេលនោះ ទ្វារឡានខាងមុខជាប់ Lock មិនអាចបើកចេញបាន។ សុវត្ថិឌី ធារិកា បានយំអណ្ដកអណ្ដឹតថា «បងអើយ!ខ្ញុំអស់ហើយ ប៉ាម៉ាក់ស្លាប់ម្ដងទាំងពីរ ត្រឹម ៥នាទីគត់បាត់បងមនុស្សពីរនាក់» ។ កញ្ញបានយំរៀបរាប់ទៀតថា ឪពុកម្ដាយរបស់ខ្លួនមានជំងឺបេះដូង ហើយឆាប់ភ័យស្លន់ស្លោ ​នៅពេលដែលជួបហេតុការណ៍ដ៏រន្ធត់បែបនេះ មិនដឹងថា តើម្ដាយរបស់នាងភ័យខ្លាំងប៉ុនណានោះទេ។

សុវត្ថិឌី ធារិកា បានឱ្យដឹងថា សពឪពុកម្ដាយ នឹងបូជានៅវត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ ថ្ងៃស្អែកនេះ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល។ ហើយនាព្រឹកថ្ងៃទី ១៨ ខែឧសភាព នេះ គេបានឃើញមានតារាចម្រៀង តារាសម្ដែង ជាតារាសិល្បៈជាច្រើនដួង រួមទាំងសាច់ញាតិ បានចូលរួមអុចធូបឧទ្ទិសកុសលជូនវិញ្ញាណក្ខ័ន្ធឪពុកម្ដាយ និងរំលែកក្ដីទុក្ខជូនចំពោះតារាចម្រៀង សុវត្ថិឌី ធារិកា។

សារព័ត៌មានត្រយង សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ សុវត្ថិឌី ធារិកា ដែលបាត់បង់មនុស្សជាទីគោរពស្រឡាញ់ទាំងពីរនាក់ព្រមគ្នា និងសូមឱ្យវិញ្ញាណលោកទាំងពីរទៅកាន់សុគតិភព៕

សូមទស្សនាវីដេអូ Top News៖

Share.