អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ម៉ុក ម៉ារ៉េត បានបង្ហាញក្ដីរំភើបចំពោះឥរិយាបថ និងទឹកចិត្តប្រកបដោយមនោសញ្ចេតនាខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាននាពេលបច្ចុប្បន្ន។

ការបង្ហាញពីអារម្មណ៍ប្រកបដោយមនោសញ្ចេតនាកក់ក្ដៅនេះ គឺកើតឡើងនាប៉ុន្មានថ្ងៃ បន្ទាប់ពីឯកឧត្តម ម៉ុក ម៉ារ៉េត បានបញ្ចប់ការប្រារព្ធពិធីបុណ្យសពភរិយានៅប្រទេសបារាំង ហើយវិលមកមាតុប្រទេសវិញជាមួយអដ្ឋិធាតុភរិយា។

គឺនៅថ្ងៃទី១៨ ខែឧសភានេះតែម្ដង ឯកឧត្តម សាយ សំអាល់ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងបរិស្ថានបានទៅគេហដ្ឋានឯកឧត្តម ម៉ុក ម៉ារ៉េត ដើម្បីគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារឯកឧត្តមអតីតរដ្ឋមន្ត្រី។

វត្តមានថ្នាក់ដឹកនាំជំនាន់ក្រោយនាឱកាសនោះហើយដែលធ្វើឱ្យឯកឧត្តម ម៉ុក ម៉ារ៉េត បង្ហោះសារប្រកបដោយក្ដីរំភើបគួរឲ្យសម្គាល់។ គឺជាសារបង្ហោះលើកទី៣ ចាប់តាំងពីឯកឧត្តម បានប្រកាសដំណឹងកម្មវិធីបុណ្យខួប៧ថ្ងៃជូនភរិយា។

ឯកឧត្តម ម៉ុក ម៉ារ៉េត បានចាត់ទុកវត្តមានឯកឧត្តម សាយ សំអាល់ និងប្រតិភូមកដល់ផ្ទះឯកឧត្តមថាជាការផ្ដល់ភាពកក់ក្ដៅ និង«ជាសក្ខីភាពបញ្ជាក់ទឹកចិត្តស្រទ្បាញ់រាប់អានដ៏ជ្រាលជ្រៅ និងមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃ និងថ្លៃថ្លានេះ»។

តាមរយៈរូបភាពវិញ អាចឱ្យឃើញបានថាឯកឧត្តម សាយ សំអាល់ ក្នុងទឹកមុខប្រកបដោយមនោសញ្ចេតនាក្រៀមក្រំ បានឱបឯកឧត្តម ម៉ុក ម៉ារ៉េត យ៉ាងណែនដៃនៅចំពោះមុខក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនទៀត។

ជាទស្សនៈផ្ទាល់ខ្លួនខ្ញុំទេ ខ្ញុំដែលជាយុវជនមួយរូប និងចូលចិត្តតាមដានកិច្ចការស្រុកទេសនោះ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំង និងយល់ឃើញនូវចំណុចគួរសម្គាល់បានខ្លះដូចខាងក្រោមនេះ។

ខ្ញុំយល់ឃើញថាឯកឧត្តម ម៉ុក ម៉ារ៉េត ពិតជារំភើបរីករាយប្រាកដមែន ដ្បិតខ្លួនទទួលនូវការគោរពស្រលាញ់ជ្រាលជ្រៅពីថ្នាក់ដឹកនាំជំនាន់ក្រោយ។ ជាមន្ត្រី ជាថ្នាក់ដឹកនាំ បើចាស់ទៅបានទទួលអារម្មណ៍បែបនេះអាចហៅថាកិត្តិយស និងមោកភាពណាស់។

ខ្ញុំយល់ឃើញទៀតថាឥរិយាបទឯកឧត្តម សាយ សំអាល់ រួមទាំងប្រតិភូជាមន្ត្រីជំនាន់ក្រោយ និងខ្លះជាអតីតសហការីឯកឧត្តម ម៉ុក ម៉ារ៉េត ផងនោះ បង្ហាញថាយើងទាំងអស់គ្នាត្រូវតែតម្កល់ជានិច្ចការគោរពចាស់ទុំ មិនចោលអតីតមេកើយ ជាលំអានមួយដ៏ប្រពៃ។

កាន់តែគួររំលេចបន្ថែមនោះ ឥរិយាបថនេះ ខ្ញុំយល់ថាជាការស្ដែងឱ្យឃើញភាពវិជ្ជមានគួរសរសើរណាស់ ពិសេសក្នុងចន្លោះអន្តរការណ៍រវាងមន្ត្រីចាស់ និងមន្ត្រីក្មេង ពោលគឺ«ចាស់ត្រូវបានក្មេងគោរព ក្មេងត្រូវបានចាស់សរសើរ»។

នេះជាទស្សនៈខ្ញុំ សូមផ្ញើជូនសារព័ត៌មានត្រយង ជួយចុះផ្សាយតាមការគួរ។

ពីខ្ញុំយុវជនជំនាន់ក្រោយម្នាក់ សូមអរគុណ!

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.