សកម្មភាពហ្វឹកហាត់​នាពេល​កន្លង​ទៅ​របស់​ក្រុម​មីយ៉ាន់ម៉ា

ទីបំផុត​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា បាន​ចេញ​មុខ​លើ​ឆាក​អន្តរជាតិ​ជា​ផ្លូវការ​ហើយ គឺ​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំទី២ នៃ​​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ដែល​នៅ​សេសសល់​ក្នុង​ពូល F ក្រោយ​​សកម្មភាព​បាល់ទាត់​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​ស្ងប់ស្ងាត់​អស់​មួយ​រយៈធំ តាំង​ពី​មាន​បញ្ហា​​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្លួន។

លោក​គ្រូ​បង្វឹក Antoine Hey បាន​ដឹកនាំ​កីឡាករ​២៤នាក់​របស់​ខ្លួន​ធ្វើដំណើរ​ទៅ​កាន់​រាជធានី​តូក្យូ ដោយ​ប្តូរ​ជើង​ហោះហើរ​នៅ​សិង្ហបុរី ខណៈ​ក្រុម​ទាំង​មូល​បាន​ទៅ​ដល់​នៅ​​ថ្ងៃ​សៅរ៍ ទី២២ ខែ​ឧសភា ឆ្នាំ​២០២១ ដែល​មាន​រយៈពេល​១​សប្ដាហ៍​មុន​ជួប​ម្ចាស់​ផ្ទះ​ជប៉ុន។

អត្ថបទពាក់ព័ន្ធ​អាស៊ាន៖ហ្វីលីពីន កោះហៅ​អ្នកចាំទី​​នៅ​​ក្លិប Birmingham City របស់​​អង់គ្លេស​ មក​ជួយ​ជម្រើស​ជាតិ

លោក​គ្រូ​បង្វឹក​ជនជាតិ​អាល្លឺម៉ង់ រូប​នេះ​បាន​បញ្ជាក់​ថា​កីឡាករ​ទាំង​អស់​ បាន​ធ្វើ​តេស្ដ​ស្វែងរក​ជំងឺ​កូវីដ-19 នៅ​អាកាសយានដ្ឋាន ហើយ​រង់ចាំ​លទ្ធផល​រយៈពេល​៣ម៉ោង ទើប​ដឹង​ថា​​​គ្រប់​គ្នា​​អវិជ្ជមាន​ទាំង​អស់ ទើប​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​សណ្ឋាគារ​សម្រាប់​ស្នាក់​នៅ​បាន។ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​លោក Antoine Hey បាន​ដឹកនាំ​កូន​ក្រុម​ហ្វឹកហាត់​​ជា​ផ្លូវការ​ទឹកដី​ប្រទេស​អាស៊ី ខាង​កើត​មួយ​នេះ។

លោក​គ្រូ​បង្វឹក Antoine Hey ដឹកនាំ​ក្រុម​ហ្វឹកហាត់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ

នេះ​ជា​សកម្មភាព​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់​ក្រុម​បាល់ទាត់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា គិត​ចាប់​តាំង​ពី​ស្រុក​ទេស​ជួប​វិបត្តិ​នយោបាយ ខណៈ​មាន​ក្រុម​បាល់ទាត់​Shan United ដក​ខ្លួន​ចេញ​ពី​2021 AFC Champions League ក្នុង​វគ្គ​ចែក​ពូល និង​ក្រុម​Hanthawady United ដក​ខ្លួន​ចេញ​ពី​ពានរង្វាន់ 2021 AFC Cup ផង​ដែរ។

អត្ថបទពាក់ព័ន្ធអាស៊ាន៖លីគ នៅ​ប្រទេស​ថៃ ៣​កម្រិត​​ដាក់​ផែនការ​រដូវកាល​ថ្មី គ្រោង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២

​ពូល F នៃ​វគ្គ​ជម្រុះ​ជុំទី២ នៃ​​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី មាន​ក្រុម​ជប៉ុន តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​ម៉ុងហ្គោលី។ ពូល​នេះ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន សម្រាប់​ប្រកួត​ដែល​នៅ​សេសសល់ ខណៈ​មីយ៉ាន់ម៉ា ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ជប៉ុន នៅ​ថ្ងៃ​ទី២៨ ឧសភា ហើយ​​ថ្ងៃ​ទី១១ ខែ​មិថុនា បន្ត​ប៉ះ កៀហ្ស៊ីស៊ីស្ថាន និង​ចុងក្រោយ​ប្រកួត​បិទ​ពូល​ជាមួយ តាហ្ស៊ីគីស្ថាន នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០២១៕

Telegram-Troryorng
https://t.me/troryorngmedia
Share.