ជា​ប្រវត្តិសាស្រ្ត​ដំបូង​ដែល​ក្រុម​បាល់ទះ​បុរស​ក្នុង​សាល​របស់​កម្ពុជា មាន​ឱកាស​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ខណៈ​នៅ​ឆ្នាំ​២០២២ នេះ​កម្ពុជា ត្រូវ​ជួប​​ក្រុម​ម្ចាស់​មេដាយ​មាស​១០​សម័យកាល​ឥណ្ឌូណេស៊ី នៅ​រសៀល​ថ្ងៃ​​សុក្រ ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​នៅ​វេលា​ម៉ោង​២រសៀល លើ​ទីលាន​កីឡដ្ឋាន Đại Yên Arena។

មុន​ឈាន​ដល់​វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ក្រុម​កម្ពុជា មាន​៤ពិន្ទុ​ក្នុង​ដៃ ក្រោយ​យក​ឈ្នះ​លើ​​ក្រុម​ហ្វីលីពីន ៣សិត​ទល់១សិត និង​ចាញ់​ថៃ ២សិត​ទល់៣សិត។ ដូច្នេះ​ពូល B កម្ពុជា និង​ថៃ ដឹកដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​ពូល A មាន​ក្រុម​ឥណ្ឌូណេស៊ី និង​ម្ចាស់​ផ្ទះ​វៀតណាម។

គិត​ត្រឹម​ពេល​នេះ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ស៊ីហ្គេម ពី​ឆ្នាំ​១៩៧៧ មក​ ក្រុម​បាល់ទះ​បុរស​របស់​ឥណ្ឌូណេស៊ី ជា​ក្រុម​ឈ្នះ​មេដាយ​មាស​បាន​ច្រើន​ជាង​គេ​បង្អស់ គឺ​ចំនួន​១០លើក មេដាយ​ប្រាក់​៧លើក និង​មេដាយ​សំរឹទ្ធិ ២លើក។ ចំណែក​កម្ពុជា វិញ​ទើប​តែ​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​១លើក​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​នេះ​ផ្ទាល់​តែ​ម្តង។

វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាល់ទះបុរស​ក្នុង​សាល​នៅ​ថ្ងៃ​សុក្រ​នេះ​គឺ៖
-ម៉ោង​២រសៀល កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី
-ម៉ោង៥ល្ងាច ថៃ ប៉ះ វៀតណាម

Share.