នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២នេះ គេស្រាប់តែតារាសម្ដែង ទ្រី ដារ៉ាវុធ ចេញមុខ Live នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឱ្យមហាជនបានដឹងថា មានជនខិលខូចមួយចំនួន បានយករូបភាពរបស់លោកបង្កើតជាគណនីហ្វេសប៊ុកផ្សេងៗជាច្រើន Account ហើយដើរបោកប្រាស់លុយគេ។ ទ្រី ដារ៉ាវុធ សង្កត់ធ្ងន់ថា អ្នកដែលចាញ់បោកគេហើយមិនត្រឹមតែល្ងិតល្ងង់នោះទេ ថែមទាំងនាំរឿងដល់ក្រុមគ្រួសាររបស់លោក ដោយយកគ្រួសារធ្វើជាចំណាត់ខ្មាំងទារសំណង។

តួឯកប្រុសក្នុងភាពយន្តខ្នាតធំដ៏ល្បីរឿង «កុំងាកក្រោយ» រូបនេះបានអះអាង ជាការពិតណាស់ លោកគឺជាមនុស្សរបស់មហាជន ហើយលោកក៏មានអ្នកគាំទ្រស្រឡាញ់រូបលោកផងដែរ។ ក៏ប៉ុន្ដែ មានជនខិលខូលមួយចំនួន បានយករូបលោកទៅប្រើប្រាស់ក្នុងរូបភាពដើរបោកលុយគេយ៉ាងចាស់ដៃ។

យ៉ាងណាមិញ លោកបានបញ្ជាក់ជាដដែលៗកាលពីកន្លងមកថា នៅគណនីលើបណ្ដាញសង្គមអនឡាញន៍លោកមាន Account ផ្លូវការតែចំនួន ៤ប៉ុណ្ណោះ រួមមាន ៖ ហ្វេសប៊ុកឈ្មោះ Try Daravuth ហ្វេសប៊ុកផេកឈ្មោះ Daravuth Real Page អ៊ីនស្តាក្រាមឈ្មោះ try_daravuth និងនៅលើ TikTok ឈ្មោះ@try_daravuth ដូចបង្ហាញនូវរូបភាពពិតខាងក្រោមនេះ។

លោក ទ្រី ដារ៉ាវុធ បាននិយាយបញ្ជាក់ទៀតថា លោកនិងក្រុមគ្រួសាររបស់លោកក៏ត្រូវការភាពឯកជន សុខសន្តិភាព រស់នៅប្រកដោយភាពស្ងប់ស្ងាត់និងសប្បាយចិត្តផងដែរ។ ម៉្លោះហើយ ចំពោះអ្នកដែលចាញ់បោកគេហើយ មកសួរនាំរឿងដល់ក្រុមគ្រួសាររបស់លោក និងបង្កឱ្យមានរឿងក្ដៅក្រហាយនៅក្នុងផ្ទះរបស់លោកទៀតនោះ គឺលោកមិនទុកមុខឱ្យទៀតទេ បើសិនជាមិនបញ្ឍប់សកម្មភាពរករឿងគ្រួសារលោកទេ លោកនឹងប្ដឹងវិញជាក់ជាមិនចាន ព្រោះអ្នកជាមនុស្សចាញ់បោកគេហើយ ថែមទាំងមិនបានទទួលស្គាល់ការពិតឡើយ ហើយបានធ្វើឱ្យគ្រួសារលោកក្លាយជាជនរងគ្រោះទៅវិញ។

តារាប្រុសរូបនេះ អំពាវនាវឱ្យមហាជនស្រឡាញ់គាំទ្រលោកឈប់ល្ងិតល្ងង់ចាញ់បោកគេទៀតទៅ លោកហត់នឹងនិយាយដដែល ព្រោះថាឆ្នាំ ២០២២ ហើយ លោកចង់មហាជនប្រើភាពឆ្លាតវ័យឱ្យបានច្រើន ប្រើសតិបញ្ញាមករស់នៅក្នុងសង្គមបច្ចេកវិទ្យានេះ ព្រោះពេលខ្លះបើសិក្សាស្វែងយល់មិនដល់ វានាំឱ្យខាតបង់លុយកាក់ ហើយមករំខានដល់រូប និង ក្រុមគ្រួសារថែមទៀតផង។

ករណីខាងលើនេះដែរ សារព័ត៌មានត្រយងកំពុងព្យាយាមសាកសួរការបំភ្លឺបន្ថែមពីលោក ទ្រី ដារ៉ាវុធ ដើម្បីឱ្យមហាជនកាន់តែជ្រាបច្បាស់ថែមទៀត៕

Share.