រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់ឱសានវាទ​ ១សប្ដាហ៍​ទៀត ឲ្យ​រុះរើផ្ទាំងផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ឲ្យ​អស់​។ ទន្ទឹមនឹងការដាក់ឱសានវាទ​ឲ្យរុះរើ រដ្ឋបាលខេត្តមួយនេះ បាន​កោតសសើរ​ចំពោះព្រជាពលរដ្ឋ​ ដែលបាន​ចូលរួមសហការ​ ពីម្ចាស់​អាជីវកម្ម​ ភោជនីយដ្ឋាន អាហារដ្ឋាន​ មួយចំនួន​ ក្នុងការ​រុះរើ​ជាបន្ដបន្ទាប់​ នូវផ្ទាំងផ្សព្វផ្សាយ​គ្រឿងស្រវឹង ដែលបង្ហាញ​ពីគំរូដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ។​

សូមចុចអាន៖ ល្អណាស់! ខេត្តកំពង់ស្ពឺ នឹងក្លាយជាតំបន់គ្មាន ការផ្សព្វផ្សាយគ្រឿងស្រវឹង?

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍​ក្នុង​លិខិត​ជូនដំណឹង​ចុះថ្ងៃទី ២៤ ខែឧសភា ២០២១​នេះថា ដើម្បីមានសណ្ដាប់ធ្នាប់​ របៀបរៀបរយល្អ ជាពិសេស​លើកកម្ពស់​សេចក្ដីថ្លៃថ្នូ​ និងរក្សាបាន​សោភណ្ឌភាព​ នៅក្នុងភូមិស្ាស្រ្ត​ខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត​ ស្នើឲ្យ​ម្ចស់​អាជីវកម្ម​ ក្រុមហ៊ុន​ចែកចាយ​ស្រាបៀទាំង​អស់​ ដែលមានការដាក់តាំងផ្សព្វផ្សាយ​ពាណិជ្ជិកម្ម​
ស្របៀ​នៅខាងមុខហាង​ ឬជាយីហោហាង​គ្រប់ប្រភេទ​ ដែលបាន​ដាក់​តាំង​ផ្សព្វផ្សាយ​នៅលើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​​ ដែល​ច្បាប់​បាន​កំណត់​ ត្រូវ​ធ្វើ​ការ​រុះរើ​ចេញជាបន្ទាន់​ ដោយ​ទុក​រយៈពេល​ ១សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃជូន​ដំណឹង​នេះ​តទៅ។​

លោក​អភិបាល​ខេត្ត​បាន​បន្ថែមទៀតថា ក្នុងករណី​ផុត​កាលបរិច្ឆេទ​កំណត់​ខាងលើ​ គ្រប់ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន​ចែកចាយ​ស្រាបៀទាំង​អស់​ ដែលពុំទាន់​បាន​ធ្វើការ​រុះរើ​ រដ្ឋបាលខេត្ត​នឹង​ចាត់នីតិវិធី​រដ្ឋបាល​ធ្វើ​ការ​រុះរើ ដោយបន្ទុក​ចំណាយ​ និងរាល់​ការ​ខូចខាត​ គ្រប់ម្ចាស់​អាជីវកម្ម​ទាំង​អស់​ជាអ្នក​ទទួល​ខុសត្រូវ៕

Telegram-Troryorng
https://t.me/troryorngmedia

Share.