ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​​បុរស​របស់​កម្ពុជា ឈរ​ចំណាត់​ថ្នាក់​លេខ៥ ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម ក្រោយ​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ដោយ​លទ្ធផល ២សិត​ទល់១សិត នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។

លទ្ធផល​នៃ​ការ​ប្រកួត​ដណ្តើម​កៅអី​លេខ៥ ក្នុង​នាម​ជាក្រុម​ចំណាត់​ថ្នាក់​លេខ៣​តាម​ពូល​នីមួយៗ នេះ​ ជ័យជម្នះ​របស់​កម្ពុជា ក្រុម​ទី១ យក​ឈ្នះ​ម៉ាឡេស៊ី ២សិត​ទល់០ (២១-១០,២១-៩) តែ​ក្រុម​ទី២ បាន​ប្រកួត​ចាញ់​ម៉ាឡេស៊ី ២សិត​ទល់០ (១៦-២១,១១-២១)។ ចំណែក​ប្រកួត​កាត់​សេចក្ដី​ លើក​ទី៣ កម្ពុជា រើស​យក​កីឡាករ ធី ម៉េងហួង និង អ៊ឹម ណារិទ្ធ បាន​យក​ឈ្នះ​ម៉ាឡេស៊ី ដោយ​លទ្ធផល ២សិត​ទល់០ (២១-១៣,២១-១៥)។

ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​បុរស​កម្ពុជា ដឹកនាំ​ដោយ​លោក​គ្រូ សឹម ឃ្លោក ដែល​មាន​កីឡាករ​ក្រុម​ទី១ មាន​ ធី ម៉េងហូង និង​ ជប់ សោភា ចំណែក​ក្រុម​ទី២ មាន​ អ៊ឹម ណារិទ្ធ និង​ សោម សាមីត។

សូម​បញ្ជាក់​ថា​ក្រុមបាល់ទះ​ឆ្នេរ​ខ្សាច់​បុរស​កម្ពុជា ស្ថិត​ក្នុង​ពូល A ជាមួយ​វៀតណាម,​ហ្វីលីពីន​និង​សិង្ហបុរី។ ជា​លទ្ធផល​កម្ពុជា បាន​ប្រកួត​ចាញ់​វៀតណាម ២ប្រកួត​ទល់១ប្រកួត ហើយ​យក​ឈ្នះ​សិង្ហបុរី ២ប្រកួត​ទល់០ តែ​ចាញ់​ហ្វីលីពីន ២ប្រកួត​ទល់០​ប្រកួត៕

Share.