«គឺ​អ្នក​ ​Is ​You​» ​ជា​រឿង​ស្នេហា​រវាង​មនុស្ស​ស្រី​ដូច​គ្នា​ ​(​Girl​ ​Love​ ​Series​)​ ដែល​ក្រោយ​ពី​មាន​ការ​បង្ហោះ​លើ​ផេក​ផលិតកម្ម​សាស្ត្រា​ហើយ​នោះ​ធ្វើ​ឱ្យ​ហ្វេន​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង​​ព្រោះ​តារា​ទាំង​ពីរ​ដួង​នេះ​ ទើប​តែ​ដើរ​តួ​ជា​សត្រូវ​ស្នេហា​ស៊ី​សាច់​ហុត​ឈាម​ឈ្លោះ​គ្នា​សឹង​គ្រប់​ឈុត​ក្នុង​ខ្សែ​រឿង​ជីវិត​«​អ្នក​ឈ្នះ​»​ ​រដូវកាល​ទី​២ ​​ដែល​មាន​លោក​ Princes ជា​តួ​ឯក​ប្រុស​ ស្រាប់​តែ​រឿង​ថ្មី​នេះ​អ្នក​ទាំង​ពីរ​ប្ដូរ​៣៦០​​ដឺក្រេ​ពី​គូ​ជម្លោះ​មក​ជា​គូ​ស្នេហ៍​វិញ​។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​ផលិតកម្ម​សាស្ត្រា​ហ្វៀម​រឿង​ភាគ​បែប​ស្រី​ស្រលាញ់​ថ្មី​នេះ​នឹង​មាន​បញ្ចាំង​ជូន​ទស្សនា​ភាគ​ទីមួយ​​នៅ​សប្ដាហ៍​ក្រោយ​។​

ថ្មី​ទៀត​ហើយ​សម្រាប់​អ្នក​គាំទ្រ​ដែល​និយម​ចូលចិត្ត​ទស្សនា​ភាពយន្ត​ខ្មែរ​​ជា​ពិសេស​អ្នក​ដែល​គាំទ្រ​តារា​សម្ដែង​​កញ្ញា​ រចនា​ រ៉ាវ៉ាឌី​​និង​កញ្ញា​​ យ៉ា​ សុផាន់ម៉ៃ​ ប៉ុន្តែ​រឿង​ថ្មី​នេះ​ហាក់​ប្លែក​ខ្លាំង​សម្រាប់​អ្នក​ទាំងពីរ​ដែល​ធ្លាប់​តែ​ជាគូ​ជម្លោះ​ប្រែ​ក្លាយ​មក​ជា​គូស្នេហ៍​វិញ​។​

អ្នក​នាង​ យ៉ា សុផាន់ម៉ៃ​ ធ្លាប់​កសាង​ស្នាដៃ​ដ៏​ល្បី​ក្រោយ​ពី​ចាប់​ដៃ​គូ​ជាមួយ​នឹង​កញ្ញា​ កែវ​ ឡាវីញ​ចំនួន​២​រឿង​គឺ​រឿង​ «រសជាតិ​អ្នក​មាន​» និង​រឿង​ «សង្សារ​ខ្ញុំ​» ដូច្នេះ​ការ​ចាប់​ដៃ​គូ​សម្ដែង​ថ្មី​ជាមួយ​នឹង​កញ្ញា​ រចនា​ រ៉ាវ៉ាឌី​នៅ​ក្នុង​រឿង​ភាគ​ថ្មី​នេះ​​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​ពីរ​ទន្ទឹង​រង់ចាំ​និង​ចង់​ដឹង​ថា​តើ​រឿង​ថ្មី​នេះ​ សាច់​រឿង​ ចរិត​តួ​អង្គ​និង​ចំណោទ​បញ្ហា​នៃ​រឿង​ខុស​ប្លែក​គ្នា​ពី​រឿង​ដែល​អ្នក​ទាំងពីរ​ធ្លាប់​សម្ដែង​ឬ​ក៏​យ៉ាង​ណា​មួយ​ទៀត​ អ្នកគាំទ្រ​ក៏​ចាំ​មើល​ដែរ​ថា​ តើ​យ៉ា​ សុផាន់​ម៉ៃ​ និង​ រចនា​ រ៉ាវ៉ាឌី​ សម្ដែង​បាន​ស័ក្តិសម​ធ្វើ​ឱ្យ​គាំទ្រ​ចូលតួ​ដូច​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​ កញ្ញា​ កែវ​ ឡាវីញ​ដែរ​ឬ​ក៏​យ៉ាង​ណា?

Telegram-Troryorng
Share.