(©2012 World Vision/photo by Jon Warren)

ទឹកសាប ទឹកប្រៃ ទឹកដូចតែគ្នាទេតើ! ទឹកសាបអាចទ្រទ្រង់ជីវិតបាន ទឹកប្រៃក៏អាចទ្រទ្រង់ជីវិតបានដូចតែគ្នា! ទឹកសាបទឹកប្រៃសុទ្ធតែនៅលើផែនដីតែមួយ មានយប់មានថ្ងៃដូចគ្នា រាវដូចគ្នា និងអាចភ្ជាប់គ្នាបានទៅទៀត។ ពួកយើងក៏ដូចគ្នាដែរ ម្នាក់ៗសុទ្ធតែមានឈាមក្រហមបង្កប់ដោយពូជអំបូរខ្មែរតែមួយ។

ម្នាក់ៗសុទ្ធតែស្រលាញ់ជាតិ ស្រលាញ់ទឹកដី គោរពព្រះមហាក្សត្រ ចង់បានសន្តិភាព សន្តិសុខ និងជីវភាពរស់នៅល្អប្រសើរនៃសង្គមជាតិ និងសង្គមគ្រួសារដូចៗគ្នា គ្រាន់តែបើនិយាមពីក្របខណ្ឌនយោបាយ យើងខុសតែទស្សនៈ គោលជំហរ និងគណបក្សគ្នាតែប៉ុណ្ណោះ។

នៅថ្ងៃនេះ ជនរួមជាតិយើងស្ទើរតែពាក់កណ្ដាលនគរបានចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ គឺការបោះឆ្នោតតាមយន្តការប្រជាធិបតេយ្យដែលបានអនុវត្តនៅកម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៣មក។

ការបោះឆ្នោតនេះជាយន្តការដ៏ពិសិដ្ឋបំផុតដែលប្រជាជាតិយើងប្រើប្រាស់ជាមធ្យោបាយសម្រេចជ្រើសរើសមេដឹកនាំជាតិឬនាយករដ្ឋមន្រ្តី និងមេដឹកនាំមូលដ្ឋានឬឃុំ សង្កាត់។ យើងមិនដណ្ដើមអំណាច ចាញ់ឈ្នះ ដោយយកឈាមរាស្រ្តប្រជាទៅប្ដូរដូចអតីតកាលទេ។

ពួកយើងចាស់ទុំហើយ គឺចាស់ទុំខាងនយោបាយ ព្រោះយើងបោះឆ្នោតឃុំ សង្កាត់ ៥ដងហើយ ហើយនៅឆ្នាំក្រោយ ឆ្នាំ២០២៣ខាងមុខនេះ យើងក៏នឹងបន្តបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលក៏មានន័យថាជាការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តីជាលើកទី៧ដែរ។

ការបោះឆ្នោតនេះ ន័យម្យ៉ាងហើយគឺដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ សេីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ តែន័យម្យ៉ាងទៀតវាក៏ជាយន្តការបញ្ចៀសសង្គ្រាម និងបញ្ចប់ការបះបោរនៅតាមមូលដ្ឋាន ដូចដែលធ្លាប់កើតមានកាលពីអតីតកាលផងដែរ។

ជាង៣០ឆ្នាំហើយដែលពលរដ្ឋខ្មែរមានឱកាសពេញទី ជ្រើសរើសដោយផ្ទាល់នូវមេដឹកនាំជាតិ និងមេដឹកនាំឃុំ សង្កាត់។ តាមរយន្តការបោះឆ្នោតនេះហើយ បើមេដឹកនាំបំរើពលរដ្បានឋល្អ ពលរដ្ឋនឹងបោះឆ្នោតឱ្យ បើបំរើមិនល្អ ពលរដ្ឋនឹងប្ដូរតាមការបោះឆ្នោតដូចគ្នា។

យើងទាំងអស់គ្នាត្រូវបន្តតម្កល់បុព្វហេតុដ៏ឧត្តុងឧត្តមខាងលើនេះ ហើយរួមគ្នាបន្តពង្រឹងរក្សាការពារស្មារតីជាតិឱ្យបានជាជំហរខ្ពស់បំផុត ខ្ពស់ជាងជំហរដែលយើងស្រលាញ់ ស្អប់ ឬជំហរនិន្នាការនយោបាយបក្សនេះ បក្សនោះ។

យើងមានស្លាកសញ្ញាសំគាល់រៀងៗខ្លួន យើងមានគោលនយោបាយបក្សរៀងៗខ្លួន យើងមានទង់គណបក្សរៀងៗខ្លួន និងសុទ្ធតែមានអ្នកគាំទ្ររៀងៗខ្លួន ប៉ុន្តែយើងមានចំណុចរួមមួយ គឺជាតិយើងតែមួយ! យើងខ្មែរតែមួយ!

ដូច្នេះ ខ្ញុំសង្ឃឹមថាអ្នកនយោបាយ និងអ្នកគាំទ្រនយោបាយគ្រប់គណបក្សនៅកម្ពុជា នឹងបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយជោកជ័យ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា។

ខ្ញុំសូមអរគុណសារព័ត៌មានត្រយងដែលបន្តចុះផ្សាយអត្ថបទខ្ញុំជាលើកទី២។

ដោយយុវជនជំនាន់ក្រោយ

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.