នៅពេលមុននេះបន្តិច សារព័ត៌មានត្រយងទទួលបានដំណឹងមកថា អតីតតារាសម្ដែងជើងចាស់ រិទ្ធ សារី កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ទ្រុឌទ្រោមខ្លាំង ដេកនៅលើមួយកន្លែងមិនអាចក្រោកបាន ដែលមាន​ការ​ព្រួយ​បារម្ភ​​ខ្លាំង​ និងគ្មានលទ្ធភាពទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ទៀតទេ។ លោក​បាន​អំពាវ​នាវ​សុំ​ជំនួយ​ពី​សប្បុរស​ជន​​ជិត​ឆ្ងាយ ដើម្បី​អាចបន្ត​​​ទិញ​ថ្នាំ​​ព្យាបាល​ជំងឺ​របស់​ខ្លួន​។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើហ្វេសប៊ុកមានឈ្មោះ Chea Samneang គេបានឃើញលោកតា រិទ្ធ សារី ពោលពាក្យអង្វរករទៅកាន់ សម្ដេចតេជោ ហ៊ុន សែន និងបងប្អូនសប្បុរសជនទាំងឡាយថា នៅពេលនេះលោកធ្លាក់ខ្លួនឈឺដុនដាបទៀតហើយដែលមិនអាចក្រោកបាន ។ លោកមានជំងឺជាប់សរសៃចង្កេះ និងជាប់សរសៃពោះ រហូតបណ្ដាលឱ្យមានអាការហើមពោះធ្ងន់ធ្ងរ។

លោកតា រិទ្ធ សារី បានអំពាវសុំជំនួយក្នុងការព្យាបាលជំងឺ ព្រោះលោកអស់លិទ្ធភាពក្នុងការព្យាបាលខ្លួនហើយ ដោយលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កែវ ស៊ីនួន ខេត្តបាត់ដំបង។

គេនៅចាំបានថា លោក រិទ្ធិ សារី គឺ​ជា​តារា​សម្ដែង​​ជើង​ចាស់​មួយ​រូប​ ដែល​បាន​ប្រឡូក​ក្នុង​វិស័យសិល្បៈ​​ភា​ព​យន្ត​តាំង​​ពី​ឆ្នាំ​១៩៩០ ​ដោយ​​ថត​ឱ្យ​ផលិត​កម្ម​ព្រហ្ម​មាន​ជ័យ ​នៅ​រាជ​ធានី​ភ្នំពេញ​។ លោក សារី បានសម្រេច​ចិត្ត​ចាក​ចេញ​ពី​វិស័យ​ភាព​យន្ត​ ទៅរស់នៅជុំប្រពន្ធកូននៅក្នុងខេត្តបាត់ដំបង ក្នុង​អាយុ​៦១​ឆ្នាំ បន្ទាប់​ពី​វិស័យ​ភាព​យន្ត​​ជួប​វិបត្តិ​ ហើយ​ត្រូវ​បិទ​ជា​បន្តបន្ទាប់​ នៅ​​ឆ្នាំ​២០០២។ លោកបានប្រើជីវិតរស់នៅខេត្តបាត់ដំបង ហើយយូរៗម្ដង ទើបមានផលិតកម្មអញ្ជើញលោកឱ្យមកសម្ដែងក្នុងភាពយន្ត និងចម្រៀងខារ៉ាអូខេ៕

ប្រភព៖ Chea Samneang

Share.