ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​ក្នុង​សាល​បុរស​របស់​កម្ពុជា ក្លាយ​ជា​ម្ចាស់​មេដាយ​សំរឹទ្ធិ​ជា​លើក​ដំបូង​ក្នុង​​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ថៃ ដោយ​លទ្ធផល​៣សិត​ទល់២សិត ក្នុង​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ ឯ​ប្រទេស​វៀតណាម។

ក្រោយ​ឈ្នះ​​មេដាយ​សំរឹទ្ធិ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី៣១ នេះ​​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ផ្ញើសារ​ភ្លាមៗ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​របស់​ឯកឧត្តម ដល់​ក្រុម​កីឡាករ គ្រូ​បង្វឹក និង​ប្រតិភូ ដឹកនាំ​ក្រុម​ថា៖«ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូម​កោត​សរសើរ ដោយ​ស្មោះ​ចំពោះ​សមទ្ធផលថ្មីជាប្រវត្តិសាស្ត្រ របស់ ក្រុមកីឡាករបាល់ទះកម្ពុជាយើង ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធិ​ ក្នុង​ការប្រកួត Sea Game លើកទី៣១ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​ថៃ​ ៣-២ សិត។

ក្បាលម៉ាស៊ីន​សហព័ន្ធ​បាន​បន្ថែម​ថា៖«នេះគឺជាមោទនភាពជាតិដ៏ធំធេង​ ក្នុង​វិស័យ​កីឡា​បាល់ទះ​របស់​យើង ​ដែល​បាន​មកពីការខិតខំប្រឹងប្រែងរបស់កីឡាកម្ពុជាយើង​ដែល​ខ្ញុំសូមឆ្លៀតឱកាសនេះ ចូលរួម​អបអរសាទរ​ចំពោះ កីឡាករទាំងអស់ រួមទាំងគ្រូបង្វឹក អជ្ញារកណ្តាល ជំនួយការ និង ប្រតិភូ​កីឡាក​របាល់ទះកម្ពុជាយើងទាំងអស់ ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ។ សូមជូនពរក្រុមកីឡាករ និង ប្រតិភូរបស់យើង ដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និង មានសុខភាពល្អបរិបូរណ៍ និង សូមខិតខំ ហ្វឹកហាត់បន្តទៀត ដើម្បីឈានទៅដណ្តើមមេដាយមាស នៅ Sea Game លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ»។

អត្ថបទពាក់ព័ន្ធ៖ឯកឧត្តម នេត សាវឿន បន្ត​​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​អាណត្តិ​២០២២-២០២៦

សូម​បញ្ជាក់​ថា​ក្រុម​បាល់ទះ​បុរស​ក្នុង​សាល​របស់​កម្ពុជា បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម ស្ថិត​ក្នុង​ពូល B ដោយ​បាន​យក​ឈ្នះ​ក្រុម​ហ្វីលីពីន ៣សិត​ទល់១សិត ហើយ​បន្ត​ចាញ់​ថៃ ៣សិត​ទល់២សិត ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។ ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រុម​កម្ពុជា បាន​ចាញ់​ម្ចាស់​មេដាយ​មាស​១០សម័យកាល​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ៣សិត​ទល់១សិត ហើយ​បាន​យក​ឈ្នះ​ថៃ នៅ​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣ ដោយ​លទ្ធផល​៣សិត​ទល់២​សិត នេះ​តែ​ម្តង៕

Share.