ក្រុម​បាល់ទះ​បុរស​ក្នុង​សាល​របស់​ថៃ ជា​ប្រទេស​ទី២​ក្នុង​តំបន់​អាស៊ាន ដែល​ដណ្តើម​មេដាយ​បាន​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ពោល​គឺ​ឈ្នះ​បាន​រហូត​ដល់​១៨មេដាយ ក្នុង​នោះ​មេដាយ​មាស​៨លើក មេដាយ​ប្រាក់​៥លើក និង​មេដាយ​សំរឹទ្ធិ​៥លើក ខណៈ​ក្រុម​ឈ្នះ​ច្រើន​ជាង​គេ​គឺ​ឥណ្ឌូណេស៊ី ដែល​ឈ្នះ​បាន​​១៩លើក ក្នុង​មេដាយ​មាស​១០លើក ប្រាក់​៧លើក និង​សំរឹទ្ធ​២លើក។

ថៃ (ក្រហម) កម្ពុជា (ស-លឿង) ក្នុង​ប្រកួត​ដណ្តើម​មេដាយ​សំរឹទ្ធិ (រូបថត៖AVC)

អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​នោះ​គឺ​ថា​គិត​ពី​ឆ្នាំ​​១៩៨៣ មក​ក្រុម​របស់​ថៃ ឈ្នះ​បាន​មេដាយ​គ្រប់​សម័យកាល មិន​ថា​មាស ប្រាក់ ឬ សំរឹទ្ធិ​នោះ​ទេ ប៉ុន្តែ​ក្រុម​កម្ពុជា បាន​ទប់​មិន​ឱ្យ​ក្រុម​ថៃ ឈ្នះ​មេដាយ​បាន​ទាន់​តែ​សោះ​នៅ​ក្នុង​ស៊ីហ្គេម​លើក​ទី៣១ ​ឆ្នាំ​២០២២ នេះ។

អត្ថបទពាក់ព័ន្ធ៖ស៊ីហ្គេម៖ហ្វីលីពីន ថា​បាល់ទះ​បុរស​ក្នុង​សាល​កម្ពុជា ស័ក្តិសម​នឹង​ឈ្នះ​ថៃ

រំលង​បរាជ័យ​ដោយ​ថ្វី​ដៃ​ក្រុម​ត្រយង​កម្ពុជា ១ថ្ងៃ សហព័ន្ធ​កីឡា​បាល់ទះ​ថៃ បាន​បង្ហោះ​អត្ថបទ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ ក្នុង​បេសកកម្ម​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ ដោយ​រៀបចំ​ពី​លទ្ធផល​នៃ​ការ​ប្រកួត​សរុប​ក្នុង​ពូល វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣។ ក្នុង​ប្រយោគ​ចុងក្រោយ​នៃ​អត្ថបទ​​បញ្ជាក់​ថា​«…ថៃ បញ្ចប់​ចំណាត់ថ្នាក់​ដោយ​ឈរ​លេខ៤ និង​ខកខាន​​រក​បាន​មេដាយ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣៩ឆ្នាំ​ចុងក្រោយ​នេះ គិត​ពី​ឆ្នាំ​១៩៨៣មក»។

សូម​រំលឹក​ថា​នៅ​ឆ្នាំ​១៩៥៣ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​រៀបចំ​នៅ​ប្រទេស​សិង្ហបុរី ដោយ​កាល​នោះ​មេដាយ​មាស​បាន​ទៅ​​ភូមា (ប្តូរ​មក​មីយ៉ាន់ម៉ា) មេដាយ​ប្រាក់​បាន​ទៅ​ឥណ្ឌូណេស៊ី និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​ហ្វីលីពីន។ កាល​ណោះ​ពូល A មាន​សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ ហើយ​ពូល B មាន​ភូមា ឥណ្ឌូណេស៊ី ថៃ និង​កម្ពុជា។ នៅ​ក្នុង​ពូល B ថៃ និង​កម្ពុជា ហាល​អាវ ដូចគ្នា​ក្រោយ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល ឯ​ភូមា និង​ឥណ្ឌូណេស៊ី ដឹកដៃគ្នា​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

អត្ថបទពាក់ព័ន្ធ៖ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ផ្ញើសារ​ដល់​កីឡាករ​ភ្លាមៗ​ក្រោយ​ឈ្នះ​មេដាយ​សំរឹទ្ធិ​នៅ​ស៊ីហ្គេម

រាប់​មេដាយ​ដែល​បាល់ទះ​បុរស​ក្នុង​សាលថៃ ធ្លាប់​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ ក្រោយ​ខក​ចិត្ត​នៅ​ឆ្នាំ​១៩៨៣៖
-១៩៨៥ នៅ​បាងកក ប្រទេស​ថៃ៖ ថៃ ឈ្នះ​​មេដាយ​មាស
-១៩៨៧ នៅ​ហ្សាកាតា ឥណ្ឌូណេស៊ី៖ ថៃ ឈ្នះ​មេដាយ​សំរឹទ្ធ
-១៩៨៩ នៅ​កូឡាឡាំពួរ ម៉ាឡេស៊ី៖ ថៃ ឈ្នះ​មេដាយ​សំរឹទ្ធ
-១៩៩១ នៅ​ម៉ានីល ហ្វីលីពីន៖ ថៃ ឈ្នះ​មេដាយ​ប្រាក់
-១៩៩៥ នៅ​ឈៀងម៉ៃ ប្រទេស​ថៃ៖ ថៃ ឈ្នះ​មេដាយ​មាស
-១៩៩៧ នៅ​ហ្សាកាតា ឥណ្ឌូណេស៊ី៖ ថៃ ឈ្នះ​មេដាយ​ប្រាក់
-២០០១ នៅ​កូឡាឡាំពួរ ម៉ាឡេស៊ី៖ ថៃ ឈ្នះ​មេដាយ​មាស
-២០០៣ នៅ​ហូជីមិញ-ហាណូយ វៀតណាម៖ ថៃ ឈ្នះ​​មេដាយ​ប្រាក់
-២០០៥ នៅ​ម៉ានីល ហ្វីលីពីន៖ ថៃ ឈ្នះ​មេដាយ​មាស
-២០០៧ នៅ​នគររាជសីមា ប្រទេស​ថៃ៖ ថៃ ឈ្នះ​មេដាយ​សំរឹទ្ធ
-២០០៩ នៅ​វៀងចន្ទន៍ ប្រទេស​ឡាវ៖ ថៃ ឈ្នះ​មេដាយ​ប្រាក់
-២០១១ នៅ​ហ្សាកាតា បាឡាំបាំង ឥណ្ឌូណេស៊ី៖ ថៃ ឈ្នះ​មេដាយ​មាស
-២០១៣ នៅ​Naypyidaw មីយ៉ាន់ម៉ា៖ ថៃ ឈ្នះ​មេដាយ​មាស
-២០១៥ នៅ​សិង្ហបុរី៖ ថៃ ឈ្នះ​មេដាយ​មាស
-២០១៧ នៅ​កូឡាឡាំពួរ ម៉ាឡេស៊ី៖ ថៃ ឈ្នះ​មេដាយ​មាស
-២០១៩៖ នៅ Pasig ហ្វីលីពីន៖ ថៃ ឈ្នះ​មេដាយ​សំរឹទ្ធ

ចំណែក​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នេះ​បាន​បែងចែក​ក្រុម​បាល់ទះ​បុរស​ក្នុង​សាល​ជា​២ពូល ដោយ​ពូល A មាន​ឥណ្ឌូណេស៊ី, វៀតណាម, ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា ហើយ​ពូល B មាន​ថៃ កម្ពុជា និង​ហ្វីលីពីន។ ចំពោះ​ក្រុម​ថៃ ជា​ក្រុម​លេខ១​ក្នុង​ពូល B ក្រោយ​ឈ្នះ​ហ្វីលីពីន ៣សិត​ទល់០ ហើយ​បន្ត​ឈ្នះ​កម្ពុជា ៣សិត​ទល់២សិត ក្នុង​វគ្គ​ជម្រុះ​តាម​ពូល។ ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម ថៃ ត្រូវ​ជួប​ក្រុម​លេខ២ នៅ​ពូល A គឺ វៀតណាម ហើយ​ជាលទ្ធផល​ថៃ ចាញ់​វៀតណាម ដោយ​លទ្ធផល ៣សិត​ទល់២សិត។ ចូល​ដល់​វគ្គ​ដណ្តើម​មេដាយ​សំរឹទ្ធ​វិញ ថៃ បន្ត​ចាញ់​កម្ពុជា ៣សិត​ទល់២​សិត​ទៀត៕

Share.