រហូតមកទល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២នេះ គេកត់សម្គាល់ឃើញមាន តារាសិល្បៈ ៤ ដួង ដែលបានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា សាមីខ្លួនត្រូវជនខិលខូចយករូបភាពរបស់ខ្លួន ទៅបង្កើត Fake Account ឬគណនីក្លែងក្លាយ ដើម្បីធ្វើសកម្មភាពបោកប្រាស់យកលុយ និងចាប់រង្វាន់ធំដើមយកលុយ ដែលសកម្មភាពទាំងនេះនាំឱ្យខូចកិត្តិយស កេរ្ដិ៍ឈ្មោះសិល្បៈនិងសេចក្ដីថ្លៃថ្នូរខ្លួន។

ហេតុការណ៍នេះ កន្លងមកគេតែឃើញមានកើតមានលើតារាសិល្បៈខ្មែរជារឿយៗ រហូតធ្វើឱ្យពួកគេទ្រាំលែងបាន និងទាមទារឱ្យមហាជនស្គាល់គណនីហ្វេសប៊ុក ឬគណនីលើបណ្ដាញសង្គមនានា ជាផ្លូវការរបស់ពួកគេឱ្យច្បាស់ និងបង្កើនការប្រុងប្រយ័ត្ន។ ដោយឡែកថ្មីនេះគេឃើញមានតារាសម្ដែង ៣ ដួង ដូចជា ព្រីន ទ្រីដារ៉ាវុធ និងកញ្ញា មាន សូនីតា ដែលកំពុងតែរងគ្រោះក្រោមថ្វីដៃជនខិលខូច។ ហើយមានតារាសម្ដែងប្រុសមួយទៀត ក៏ធ្លាប់ជួបបញ្ហានេះ គឺលោក យក់ ឆេងហាក់។

យក់ ឆេងហាក់

ជាមួយគ្នានោះដែរ នៅថ្ងៃទី ១៦ ខែឧសភា តារាសម្ដែង ព្រីន ដែលមានមុខមាត់សង្ហា ត្រូវបានជនខិលខូច យករូបភាពពីហ្វេសប៊ុករបស់លោកទៅបង្កើតគណនីក្លែងក្លាយមួយឈ្មោះ បងសិន​​លក់​ម៉ូតូ​គ្រប់​ប្រភេទ ។ គណនីនេះបានធ្វើសកម្មភាពបោក​នារី​រង​គ្រោះ​ជា​ច្រើន​នាក់​ សរុប​ជា​ទឹក​ប្រាក់​ជិត​ចូល​ខ្ទង់​ម៉ឺន​ដុល្លារ​ ព្រម​ទាំង​បាន​បោក​យក​ម៉ូតូ​ជាច្រើន​គ្រឿង​​ទៀត​។ នារី​រង​គ្រោះ​មួយ​រូប​បាន​ភ្ញាក់​ខ្លួន​និង​ដឹង​ថា​ខ្លួន​ត្រូវ​បាន​គេ​បោក​ប្រាស់​ ដោយ​សារ​តែ​ពេល​កំពុង​តែ​ជជែក​ជាមួយ​នឹង​ព្រីន​ក្លែងក្លាយ​នោះ​ ស្រាប់​តែ​កញ្ញា​បាន​ឃើញ​ព្រីន​កំពុង​តែ​ Live ជាមួយ​នឹង​អ្នកស្រី ទ្រី ដាណា ក្នុង​កម្មវិធី​បើក​សម្ពោធ​ហាង​ថ្មី​ ទើប​ធ្វើ​ឱ្យ​ខ្លួន​ដឹង​ថា​ត្រូវ​គេ​បោក​ ហើយ​មិន​បាន​ផ្ញើ​ប្រាក់​ចំនួន​២​ពាន់​ដុល្លារ​ទៅ​ឱ្យ​ថែម​ទៀត​។

រហូតដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ គេស្រាប់តែតារាសម្ដែង ទ្រី ដារ៉ាវុធ ជាតារាប្រុសម្នាក់ទៀត ដែលចេញមុខ Live នៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមហាជនបានដឹងថា លោកក៏ត្រូវបានជនខិលខូចយករូបភាពរបស់លោក ទៅបង្កើតជាគណនីហ្វេសប៊ុកក្លែងក្លាយផ្សេងៗជាច្រើនគណនី ហើយធ្វើសម្មភាពដើរបោកលុយ។ ក៏មិនខុសគ្នាអីពីលោក ព្រីន ឡើយ ជនខិលខូចបានបន្លំភ្នែកអ្នកគាំទ្ររបស់ ទ្រី ដារ៉ាវុធ និងបង្កើតមនោសញ្ចេតនាក្លែងក្លាយ ហើយបោកឱ្យផ្ញើលុយមកឱ្យខ្លួន។ លុះដល់ពេលបែករឿង និងភ្ញាក់ខ្លួនថា ត្រូវចាញ់បោក ជនរងគ្រោះបានឆាតមកលោក ទ្រី ដារ៉ាវុធ ដើម្បីទាមទាររកដំណោះស្រាយ និងមានខ្លះទៀត ទៅរករឿងដល់គ្រួសាររបស់លោកថែមទៀត។ តារាសម្ដែងប្រុសរូបនេះ បានបកស្រាយ និងអំពាវនាវឱ្យមហាជនស្រឡាញ់គាំទ្រលោក ឱ្យឈប់ល្ងិតល្ងង់ចាញ់បោកគេទៀតទៅ លោកហត់នឹងនិយាយដដែលៗ ព្រោះថាឆ្នាំ ២០២២ ហើយ លោកចង់មហាជនប្រើភាពឆ្លាតវ័យឱ្យបានច្រើន ប្រើសតិបញ្ញាមករស់នៅក្នុងសង្គមបច្ចេកវិទ្យានេះ និងស្វែងយល់មួយណាជាគណនីពិតរបស់លោក។

ហើយមកដល់ថ្ងៃទី ២២ ខែ ឧសភា នេះទៀត គេក៏ស្រាប់តែឃើញតារាសម្ដែងស្រី មាន សូនីតា ក៏ចេញមកបង្ហោះឱ្យមហាជនប្រុងប្រយ័ត្នចំពោះគណនីហ្វេសប៊ុកឈ្មោះ M͙e͙a͙n͙ ͙S͙o͙n͙y͙t͙a͙ ដែលកំពុងធ្វើសកម្មភាពបោកប្រាស់ ទាយលេខយករង្វាន់។ តារាស្រីរូបនេះបានរៀបរាប់ថា ហ្វេសប៊ុកផេកមួយនេះ មិនមែនជាផេករបស់កញ្ញានោះទេ រីឯហ្វេសប៊ុកផេកផ្លូវការរបស់កញ្ញាគឺមានសញ្ញាគ្រីសពណ៌ខៀវ ឬគេហៅថា verify ជាទទួលស្គាល់ពីក្រុមហ៊ុនហ្វេសបុកតែ១នេះ គត់ ហើយកញ្ញាក៏មិនមានការចែករង្វាន់ ឬមានលេងហ្គេមចែកជាទឹកប្រាក់អីនោះទេ។ ដូច្នេះបើសិនជាមានការឆបោកពីជនខិលខូចដោយប្រការណាមួយ កញ្ញាថាខ្លួនមិនទទួលខុសត្រូវឡើយ ហើយសុំឱ្យមហាជនប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ក្រៅពីតារា៣ដួងខាងលើនេះហើយ គេនៅចាំបានថា តារាសម្ដែងប្រុស យក់ ឆេងហាក់ ក៏ធ្លាប់ជួបហេតុការណ៍នេះដែរ ដោយគណនី​ដែល​បាន​យក​រូប​លោក​ទៅ​ប្រើប្រាស់​នោះ​​បាន​ដាក់​ឈ្មោះ​ថា​ វណ្ណា រ៉ុងរ័ត្ន (Vanna Rong Rath) ហើយ​គណនី​នោះ​បាន​យក​ទៅ​ទាក់ទង​ជាមួយ​នារី​ម្នាក់និងបានបោកលុយនាង​ រហូតធ្វើឱ្យនាង​យល់​ច្រឡំ​ ហើយ​ចោទ​ប្រកាន់​លើ​រូបលោក​ ថែម​ទាំង​ផុស​បរិហាកេរ្តិ៍​លោក​លើ​បណ្ដាញ​សង្គម​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ជា​ខ្លាំង​។

សូមជម្រាបថា មហាជនអ្នកគាំទ្រគ្រប់រូបគួរតែបង្កើនការប្រុងប្រយ័ត្នខ្លួនឱ្យបានច្រើន និងស្វែងពីគណនីពិតរបស់អាយដលខ្លួន ដើម្បីចៀសវៀងការឆបោកណាមួយ និងកុំឱ្យខ្លួនក្លាយជាជនរងគ្រោះតទៅទៀត៕

អត្ថបទពាក់ព័ន្ធ៖

សាហាវ! ជនខិលខូច​​យក​រូប​​​តារា​សម្ដែង​ព្រីន​ទៅ​បោក​​លុយ​​ជន​រងគ្រោះ​​ជិត​ម៉ឺន​ដុល្លារ​និង​បោក​​ម៉ូតូច្រើន​គ្រឿង​

ព្រីន​ Live ទាំង​យប់​​មាន​អ្នក​ fake account ​យក​ឈ្មោះ​ប្រើ​បោក​គេ​នៅ​ថៃ​និង​បោក​យក​ម៉ូតូ​​បាន​សម្រេច​

ទ្រី​ ដារ៉ាវុធ​ ៖ ​«​កុំ​ចាញ់​បោក​គេ​ហើយ​យក​គ្រួសារ​ខ្ញុំ​ជា​ចំណាត់​ខ្មាំង​»​

យក់ ឆេងហាក់ ​តារា​​វ័យ​ក្មេង​ត្រូវ​ជន​អនាមិក​ប្រើរូប​បោក​ប្រាស់​លុយ​ស្រី​រាប់​ពាន់ដុល្លារ!

Share.