«ជួយ​គ្នា​ក្នុង​គ្រា​ក្រ​ល្អ​ ​ស្គាល់​មិត្ត​ល្អ​ក្នុង​​គ្រា​​លំបាក​» ឃ្លា​នេះ​ពិត​ជា​ស័ក្ដិសម​នឹង​ប្រើ​ក្នុង​កាលៈទេសៈ​ដែល​លោក​ ឆន​ សុវណ្ណារាជ​កំពុង​ជួប​ទុក្ខ​បាត់បង់​អ្នក​មាន​គុណ​ជា​គោរព​ដោយ​ជំងឺ​លើស​ឈាម​និង​គាំង​បេះដូង​ មិត្ត​សិល្បករ​ជា​ច្រើន​រូប​បាន​បង្ហាញ​នូវ​សន្ដាន​ចិត្ត​ស្រលាញ់​រាប់​អាន​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​ដល់​គេហដ្ឋាន​​ ​ក៏​ដូច​ជា​ផ្ញើ​ជា​សារ​រំលែកទុក្ខ​​លោក​ផង​ដែរ​។​

ជា​ការ​ពិត​ណាស់​ខណៈ​នេះ​លោក​ ឆន​ សុវណ្ណារាជ​កំពុង​តែ​ស្ថិត​ក្នុង​ទុក្ខសោក​និង​វិបត្តិ​ផ្លូវ​ចិត្ត​ជា​ទម្ងន់​ដែល​ស្រាប់​តែ​បាត់បង់​អ្នក​ម្ដាយ​មាន​គុណ​ ដូច្នេះ​វត្តមាន​របស់​មិត្ត​ភក្ដិ​និង​ញាតិ​មិត្ត​គឺ​ជា​កម្លាំង​ចិត្ត​យ៉ាង​ធំធេង​សម្រាប់​ជួយ​ឱ្យ​លោក​អាច​ឆ្លង​កាត់​នូវ​ដំណាក់​កាល​ដ៏​អាក្រក់​មួយ​​ក្នុង​ជីវិត​យ៉ាង​ដូច្នេះ​។​

នៅ​ក្នុង​នោះ​ត្រយង​ឃើញ​ថា​មាន​តារា​ជា​ច្រើន​ដែល​បាន​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​នោះ​មាន​ដូច​ជា​ ​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ អតីត​ដៃ​គូ​ស័ក្ដិសម​ដែល​អ្នក​គាំទ្រ​ចង់​ឱ្យ​ក្លាយ​ជា​គូស្នេហ៍​ពិត​ៗ​ ក៏​បាន​បង្ហាញ​វត្តមាន​ទៅ​ចូលរួម​អុជ​ធូប​គោរ​ព​វិញ្ញាណក្ខន្ធ​របស់​អ្នក​ម្ដាយ​លោក​ ឆន សុវណ្ណារាជ​ ផង​ដែរ​។

ក្រៅ​ពី​នោះ​ក៏​មាន​លោក ​​សុខ​ រ៉ា​ស៊ី​ ពិធីករ​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្សមាស​​ ​ក៏​បាន​បង្ហោះ​ចែក​រំលែក​ទុក្ខ​និង​អរគុណ​​ដល់​​លោក​​ហេង​ ​ឡុង​ និង​ អ្នក​នាង​ ចន​ ចាន់​លក្ខិណា​​ដែល​បាន​ផ្ញើ​ថវិកា​២០០​ដុល្លារ​តាម​រយៈ​លោក​ចូលបុណ្យ​អ្នក​ម្ដាយ​លោក​ ឆន​ សុវណ្ណារាជ​។

ខណៈ​អ្នក​នាង ​​សុគន្ធ​ និសា​ តារា​រួម​ទ្រនំ​ដែល​កំពុង​តែ​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្ហោះ​ជា​សារ​ចូលរួម​រំលែក​មរណទុក្ខ​លោក​ ឆន​ សុវណ្ណារាជ​ ទោះ​ជា​ខ្លួន​នៅ​ឆ្ងាយ​មិន​អាច​ទៅ​ចូលរួម​ដល់​គេហដ្ឋាន​ក្ដី​។​

អ្នក​នាង​ ​ចាន់​ កែវ​និមល​ ពិធីការិនី​ប្រចាំ​ទូរទស្សន៍​ ហង្សមាស​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​អ្នក​ម្ដាយ​លោក​ ឆន​ សុវណ្ណារាជ​ លោក​ស្រី​ លី ​សុខា​ដែរ​។

កញ្ញា​ រ៉េត ហ្សូសាណា តារា​ចម្រៀង​វ័យ​ក្មេង​ក៏​បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​របស់​តារា​រៀម​ច្បង​ក្នុង​ទ្រនំ​ហង្សមាស​ជាមួយ​និង​បាន​បង្ហោះ​ជា​សាររំលែក​ទុក្ខ​​លើ​បណ្ដាញ​សង្គម​

ក្រៅ​ពី​មិត្ត​ភក្ដិ​ជា​តារា​រួម​ទ្រនំ​ហើយ​នោះ​លោក​ ព្រាប​ ​សុវត្ថិ​ ថ្វី​ត្បិត​តែ​បាន​ប្ដូរ​ផលិតកម្ម​ថ្មី​ក៏​បាន​បង្ហោះ​ជា​សារ​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​អ្នក​មាន​គុណ​របស់​លោក​ ឆន សុវណ្ណរាជ​ផង​ដែរ​។

ចំណែក​លោក​ ប៉ែន​ ចំរុង​ និង​ លោក​ ម៉ា ច័ន្ទ​បញ្ញា​ ក៏​បាន​បង្ហោះ​ជា​សារ​រំលែក​ទុក្ខ​ចំពោះ​តារា​ចម្រៀង​លោក ឆន​ សុវណ្ណារាជ​ ​និង​ ​ឧទ្ទិស​កុសល​ផល​បុណ្យ​ ជូន​អ្នក​ម្ដាយ​របស់​លោក​ ឆន​ សុវណ្ណារាជ​ដើម្បី​ជូន​ដួង​វិញ្ញាណក្ខន្ធ​ទៅ​កាន់​សុគតិភព​។

យ៉ាង​ណា​មិញ​មិនមែន​មាន​តារា​ តែ​ប៉ុណ្ណេះ​នោះ​ទេ​ដែល​បាន​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​លើក​នេះ​ ​ក៏​នៅ​មាន​បងប្អូន​សិល្បករ​ សិល្បការិនី​ បាន​ចូលរួម​រំលែក​ទុក្ខ​លោក​ ឆន សុវណ្ណារាជ​ជា​ច្រើន​ រួម​ទាំង​មហាជន​គ្រប់​មជ្ឈដ្ឋាន​ មហាជន​ក៏​បាន​ចូលរួម​នូវ​មរណទុក្ខ​នេះ​​ដូច​គ្នា​៕​

Telegram-Troryorng
Share.