តារាចម្រៀងចាស់វស្សានៅផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានទម្លាយប្រាប់អ្នកសារព័ត៌មានត្រយងកាលពីថ្ងៃសម្ពោធភាពយន្ត «គ្រោះជីវិតកូវីដ១៩» ថា បើទោះជាឆ្នាំនេះអាយុជិតចូលក្បាលសាមហើយ ក៏ប៉ុន្ដែរឿងស្នេហា ឬបញ្ហាគូជីវិត កញ្ញាសុំរំកិលឆ្នាំទៅមុនបន្តិចសិន មិនថាឆ្នាំនេះ ឬឆ្នាំក្រោយ ឬឆ្នាំក្រោយៗទៀត។

កញ្ញា អ៊ីវ៉ា បានលើកឡើងថា កញ្ញាប្រហែលមិនបើកចិត្តសម្រាប់អ្នកសិល្បៈធ្វើគូអនាគតនេះទេ ព្រោះសព្វថ្ងៃនេះមានអ្នកតាមសិល្បៈស្រឡាញ់ច្រើន តែកញ្ញាសុំឱ្យមានអារម្មណ៍ត្រឹមតែជាមិត្តភាព ឬមិត្តរួមការងារច្រើនជាង។ កញ្ញាសង្កត់ធ្ងន់ថា អ្វីដែលបារម្ភខ្លាំងបំផុតសម្រាប់ចិត្តកញ្ញានោះគឺ មនុស្សនៅក្បែរខ្លួន ឬមិត្តស្និទ្ធស្នាល ព្រោះកាលបើស្និទ្ធពេកអាចក្លាយទៅជាស្នេហ៍ ហើយកញ្ញាថាខ្លួនមិនចូលចិត្តឡើយ ស៊ូឱ្យមានត្រឹមអារម្មណ៍ស្រឡាញ់ជាមិត្តភាពនឹងគ្នាទៅបានហើយ។

តារាចម្រៀងរូបនេះបានអះអាង សម្រាប់លក្ខណៈសម្បត្តិរបស់មនុស្សប្រុសក្នុងក្ដីស្រម៉ៃ កញ្ញាមិនមានចិត្តរើសអីច្រើនពេកនេះទេ ពោលគឺកញ្ញាចូលចិត្តឱ្យបុរសតាមស្រឡាញ់ច្រើនជាង ព្រោះកញ្ញាថាសព្វថ្ងៃខ្លួនក៏មានមន្តមិនតិចដែរ។

ក្រៅពីនិយាយរឿងរ៉ាវស្នេហា និងការបើកចិត្តប្រាប់អ្នកសារព័ត៌មានត្រយង កញ្ញា អ៊ីវ៉ា ក៏បានបង្ហាញប្រាប់ទៀតថា សព្វថ្ងៃនេះកញ្ញាមានស្នាដៃបទចម្រៀងជាច្រើនបទសម្រាប់អ្នកគាំទ្រ ហើយកញ្ញាថា ការចេញបទចម្រៀងនៅផលិតកម្មសាន់ដេ គឺសុទ្ធសឹងតែសម្រិតសម្រាំង ដើម្បីឱ្យចាក់ដល់បេះដូងរបស់ហ្វេន។

Share.