ឥណ្ឌា – តារា​សម្ដែង​ឥណ្ឌាវ័យ២១​ឆ្នាំ​ មិន​ស្ដាប់​តាម​អ្នក​ផ្ទះ​ បាន​លួច​ទៅ​បូម​ខ្លាញ់​ ដោយ​​មិន​ឱ្យ​​អ្នក​ផ្ទះដឹង​ ព្រោះ​អ្នក​ផ្ទះ​ហាម​និង​ដាស់​តឿន​ថា​នាង​មាន​រូប​រាង​ស្អាត​ស្រាប់​ហើយ​កុំ​បាច់​បូម​ខ្លាញ់​អី​​ ទីបំផុត​បាន​ស្លាប់​ហើយ​។

យោង​តាម​សារព័ត៌មាន​ Stratetimes បាន​ផ្សព្វផ្សាយ​ថា​តារា​សម្ដែង​វ័យ​២១​ឆ្នាំ​ ជា​តារា​សម្ដែង​ភាពយន្ត​មាន​ដើម​កំណើត​នៅ​រដ្ឋ ណាតាកា ស្ថិត​នៅ​តំបន់​និរតី​នៃ​ប្រទេស​ឥណ្ឌា បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ​ ក្រោយ​នាង​បាន​ទៅ​កែ​សម្ផស្ស​​បន្ថែម​សម្រស់​ដោយ​ការ​បូម​យក​ខ្លាញ់​ចេញ​។

លោក​យាយ​របស់​ Chethana Raj បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ចៅស្រី​របស់​លោក​យាយ​បាន​​មក​សុំ​ប្រាក់​លោក​យាយ​ចំនួន​ ១៥០០០០រូពី ​(1,932$) ដើម្បី​ទៅ​វះកាត់​បូម​យក​ខ្លាញ់ចេញ​ ប៉ុន្តែ​គ្រួសារ​បដិសេធ​ ព្រម​ទាំង​ហាម​ឃាត់​នាង​មិន​ឱ្យ​ធ្វើ​ ដោយ​បាន​ប្រាប់​ថា​នាង​មាន​រូប​ស្អាត​សមសួន​ហើយ​ មិន​ធាត់​នោះ​ទេ​។

ប៉ុន្តែ​ Chethana មិន​ស្ដាប់​តាម​អ្នក​ផ្ទះ​​ នាង​បាន​ប្រមូល​លុយ​​​ផ្ទាល់​ខ្លួន​ ហើយ​​ធ្វើ​ដំណើរ​ទៅ​កាន់​​គ្លីនីកកែ​សម្ផស្ស​​ Dr.Shetty’s Cosmetic Centre ដោយ​មិន​បាន​ប្រាប់​ឪពុក​ម្ដាយ​នោះ​ឡើយ​។ ខណៈ​កំពុង​តែ​វះកាត់​ស្រាប់​តែ​មាន​បញ្ហា​បណ្ដាល​ឱ្យ​ដក​ដង្ហើម​មិន​ចេញ​ ព្រោះ​មាន​ទឹក​នៅ​ក្នុង​សួត​ មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ទៅ​ដល់​មន្ទីរពេទ្យ​ វេជ្ជបណ្ឌិត​បាន​ពិនិត្យ​ឃើញ​ថា​ តារា​ស្រី​វ័យនេះ​គាំង​បេះដូង​ បាត់​បង់​ស្មារតី និង​បាត់​ជីពចរ​ ទោះ​ជា​គ្រូពេទ្យ​ប្រឹង​ជួយ​ដោយ​ការ​ធ្វើ​ CPR ព្រម​ទាំង​ព្យាយាម​សង្គ្រោះ​ជីវិត​នាង​ប្រមាណ​៤៥​នាទី​ ប៉ុន្តែ​ទី​បំផុត​គ្រូពេទ្យ​នៅ​តែ​មិន​អាច​សង្គ្រោះ​ជីវិត​របស់​នាង​បាន​។ 

ក្រុម​គ្រួសារ​តារា​ស្រី​រូប​នេះ​បាន​ចូលទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ប៉ូលិស​ដើម្បី​ប្ដឹង​គ្លីនីក​កែសម្ផស្ស​ខាង​លើ​ដោយ​ចោទ​ប្រកាន់​ថា​ «ជា​កំហុស​បច្ចេកទេស​របស់​គ្លីនីក​ទើប​បណ្ដាល​ឱ្យ​មាន​អ្នក​បាត់បង់​ជីវិត​។ លោក​ពុក​របស់​​តារា​ឥណ្ឌា​រូប​នេះ​បាន​ពោល​ថា​​៖ «កូន​ស្រី​ពួក​ខ្ញុំ​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ការ​ប្រមាទ​របស់​គ្លីនិក​ កូនស្រី​ខ្ញុំ​ជា​មនុស្ស​រឹងមាំ​និង​រួសរាយ​ នាង​សុខ​ភាព​ល្អណាស់​»៕

ប្រភព៖ TV9 Gujarati

Share.