នៅក្នុងឆ្នាំ២០២២នេះ មហោស្រពភាពយន្តទីក្រុងកាន បានចាប់ដៃគូជាមួយក្រុមហ៊ុនបណ្ដាញសង្គម TikTok ក្នុងការរៀបចំកម្មវិធីប្រកួតផលិតភាពយន្តខ្លីតាមរយៈកម្មវិធី TikTok ឬហៅថា TikTokShortFilm ។ នៅក្នុងនោះ លោក ប៉ាន់ រិទ្ធី ឬគ្រប់គ្នាស្គាល់ថា រិទ្ធី ប៉ាន់ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមធ្វើជាប្រធានគណៈកម្មការនៃកម្មវិធីប្រកួតផលិតភាពយន្តខ្លីនោះ។

ផលិតករភាពយន្តកម្ពុជារូបនេះ មានរឿងចម្រូងចម្រាសបានកើតឡើង និងបានសម្រេចចិត្តបោះបង់សិទ្ធចោល ព្រោះឈរលើទស្សនៈមិនពេញចិត្តមួយចំនួន ដែលខុសពីគោលជំហររបស់លោកសម្រាប់ការកាត់សេចក្ដីពីការផលិតភាពយន្ត។

ប្រាប់សារព័ត៌មាន Hollywood Reporter លោក ប៉ាន់ រិទ្ធី បានលើកឡើងថា លោកបានព្យាយាម​ពន្យល់​ថា​ វា​មិន​អី​ទេ​ ប្រសិនបើពួកគេចង់ធ្វើទីផ្សាររបស់ពួកគេសម្រាប់មហោស្រពភាពយន្តទីក្រុងកាន ដែលនោះជាការល្អ។ ប៉ុន្តែប្រសិនបើពួកគេនិយាយថា វាគឺការប្រកួតប្រជែងភាពយន្ត ពិតប្រាកដណាស់ ឯករាជ្យភាព និងអធិបតេយ្យភាពរបស់គណៈវិនិច្ឆ័យគឺត្រូវតែគោរព។

លោក ប៉ាន់ រិទ្ធី បានអះអាងទៀតថា ប៉ុន្តែ​ដំបូង​ឡើយ លោកបាន​ស្នើ​ឱ្យ​មាន​ការ​សម្រុះសម្រួលដោយសន្តិវិធី និងដើម្បីអបអរភាពយន្តដែលលោកនៅតែជឿជាក់លើគំនិតនៃគម្រោងនេះ។ លោកថា មានការខ្វែងគំនិតគ្នាច្រើន សូម្បីតែរឿងពានរង្វាន់សម្រាប់ភាពយន្ត ក៏ត្រូវបានបែងចែកជាច្រើនដែរ ពោលគឺត្រូវឱ្យលើភាពយន្តដែលជ្រើសរើសដោយគណៈកម្មភាពយន្តទីក្រុងកាន និងភាពយន្តដែលក្រុមហ៊ុន TikTok គេចង់បាន។

យ៉ាងណាមិញ TikTok ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែលលើកឡើងថា TikTok គឺជាវេទិកាកម្សាន្តដែលផ្តល់តម្លៃ និងគាំទ្រការបញ្ចេញមតិប្រកបដោយការច្នៃប្រតិដ្ឋ និងពិតប្រាកដ។ យើងមានការបន្ទាបខ្លួនដោយសារការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍នៃការប្រកួតប្រជែងអន្តរជាតិ #TikTokShortFilm ដែលប្រមូលបានអ្នកទស្សនាជាង 4.4 ពាន់លានដង និងបានបំផុសគំនិតអ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោកឱ្យចែករំលែករឿងរ៉ាវ និងទេពកោសល្យរបស់ពួកគេជាមួយបណ្ដាញសង្គមរបស់យើង។ សម្រាប់ការប្រកួតនេះ យើងមានសេចក្តីសោមនស្សរីករាយដែលមានគណៈវិនិច្ឆ័យដែលមានសមាជិកចំនួន 5 នាក់មកពីមជ្ឈដ្ឋានផ្សេងៗគ្នា។ ដូចទៅនឹងការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិតណាមួយដែលការជ្រើសរើសអ្នកឈ្នះគឺបើកចំហចំពោះការបកស្រាយប្រធានបទ វាអាចមានភាពខុសគ្នានៃគំនិតសិល្បៈពីក្រុមចៅក្រមឯករាជ្យ។ យើងទន្ទឹងរង់ចាំពិធីប្រគល់ពានរង្វាន់ដែលយើងរៀបចំនៅទីក្រុងកាន ដើម្បីអបអរសាទរចំពោះអ្នកដែលមានទេពកោសល្យដ៏អស្ចារ្យដែលបានឈ្នះការប្រកួតនេះ។

ខាង TikTok ក៏បានគ្រោងអញ្ជើញអ្នកផលិតវីដេអូល្បីៗមកពីជុំវិញពិភពលោក មកចូលរួមក្នុងកម្មវិធី ដែលពួកគេអាចថតវីដេអូ កាត់វីដេអូ និងបង្ហោះវីដេអូដើម្បីរៀបរាប់ពីបទពិសោធន៍ពិតៗពេលចូលរួមមហោស្រពភាពយន្តក្រុងកាន។ ចំពោះបញ្ហាចម្រូងចម្រាសរវាង គណកម្មការមហោស្រព និងកិច្ចសហការរវាង TikTok នេះបានក្លាយជាប្រធានបទក្ដៅគគុកមួយនៅលើបណ្ដាញសង្គមផងដែរ។

Share.