កូរ៉េ​ខាង​ត្បូង​ – ​តារា​សម្ដែង​វ័យ​ក្មេង​នៅ​ក្នុង​រឿង​ «Autumn in My Heart» នាង​ Lee Ae Jeong គឺជា​នារី​ម្នាក់​ស្អាត​ មាន​សមត្ថភាព​និង​ទេពកោសល្យ​ល្អ​ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​នាង​បែរ​ជា​ស្លាប់​ទាំង​វ័យ​ក្មេង​ទៅ​វិញ​។

ថ្វី​ត្បិត​តែ​នាង​បាន​លាចាក​លោក​​នេះ​ទៅ​យូរ​ហើយ​ក្ដី​ ប៉ុន្តែ​អ្នក​ទស្សនា​មួយ​ភាគ​ធំ​ ពិសេស​អ្នក​ដែល​ទស្សនា​រឿង​ភាគ​កូរ៉េ​ «Autumn in My Heart» នៅ​តែ​នឹក​ស្រណោះ​ដល់​តារា​សម្ដែង​វ័យ​ក្មេង​ដែល​អាយុ​ខ្លី​រូប​នេះ​ជា​ពន់​ពេក​។

បើ​និយាយ​ដល់​ «និទាន​ស្នេហ៍​និទាឃរដូវ​» សម្រាប់​តួ​សម្ដែង​​ស្រី​កាល​ពី​វ័យ​ក្មេង​អ្នក​ទស្សនា​ភាគ​ច្រើន​ប្រាកដ​ជា​នឹក​ទៅ​ដល់​ Moon Geun Young ដែល​សម្ដែង​ជា​តួ​អង្គ​ Song Hye Kyo កាល​ពី​នៅ​ក្មេង​ ប៉ុន្តែ​បើ​និយាយ​ដល់​តួ​អង្គ​ក្មេង​ ក្រៅ​ពី​ Moon Geun Young នៅ​មាន​តារា​ស្រី​ម្នាក់​ទៀត​ដែល​ស្អាត​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មិន​ចាញ់​គ្នា​គឺ​ Lee Ae Jeong តែ​គួរ​ឱ្យ​ស្ដាយ​ដែល​នាង​មិន​មាន​សំណាង​ដូច​មិត្ត​រួម​អាជីព​របស់​ខ្លួន

នៅ​ក្នុង​រឿង​ «Autumn in My Heart» Lee Ae Jeong សម្ដែង​ជា​តួអង្គ​ Choi Shin Ae ជា​ក្មេង​ស្រី​ម្នាក់​ស្អាត​ ពូកែសម្ដែង​រហូត​ទទួល​បាន​ពាក្យ​សរសើរ​ច្រើន​។ ក្រោយ​ពី​សម្ដែង​រឿង​ភាគ​នេះ​នាង​រួច​បាន​សម្ដែង​រឿង​ភាគ​ច្រើន​ទៀត​និង​បាន​សម្ដែង​តួ​ជា​ច្រើន​ប្រភេទ​ខុស​គ្នា​ ប៉ុន្តែ​ក្រោយ​មក​ជីវិត​របស់​នាង​ស្រាប់​តែ​ជួប​គ្រោះ​អាក្រក់​។​

ត្រលប់​ទៅ​ឆ្នាំ​២០០៦ នៅ​អាយុ​ជាង​១៩​ឆ្នាំ​ ខណៈ​ដែល​អនាគត​កំពុង​តែ​លេច​ធ្លោនិង​បញ្ចាំង​ពន្លឺ​ត្រចះត្រចង់​ ខណៈ​ដែល​នាង​ទើប​ប្រឡង​ជាប់​ចូល​មហាវិទ្យាល័យ​ Hanyang University ស្រាប់​តែ​ Lee Ae Jeong ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​មហារីក​។ កាលណោះ​នាង​ឧស្សាហ៍ឈឺក្បាល​ប៉ុន្តែ​នាង​គិត​ថា​ធម្មតា​ដូច្នេះ​នាង​គ្រាន់​តែ​ផឹក​ថ្នាំ​ ក្រោយ​មក​នាង​បាន​ទៅ​ពេទ្យ​ ពិនិត្យ​ឃើញ​ថា​នាង​សល់​ពេល​មិន​ច្រើន​ទៀត​នោះ​ទេ​។ នាង​បាន​វះ​កាត់​២​ដងនៅ​មន្ទីរពេទ្យ​សកល​វិទ្យាល័យ​ជាតិ Seoul តែ​មិន​អាច​យក​ឈ្នះ​ជំងឺ​មហារីក​នោះ​ទេ។​

ដង្ហើម​ចុង​ក្រោយ​របស់​នាង​បាន​ផុត​រលត់​ពី​ផែនដី​នេះ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ឆ្នាំ​ ២០០៧ នៅ​ក្នងុ​មន្ទីរពេទ្យ​ខេត្ត​នា​ស្រុក​កំណើត​នៅ​ Gyeonggi សាធារណរដ្ឋ​កូរ៉េ៕

ប្រភព៖ lovekpop95

Share.