បាត់ដំបង ៖ បុរសម្នាក់ជិះម៉ូតូពេលយប់ ភ្លើងបំភ្លឺផ្លូវមិនសូវភ្លឺ ជ្រុកបុករថយន្តចតនៅស្ងៀមពេញទំហឹងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។

ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ ៥៧B ត្រង់ក្រុមទី០៧ ក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក សេង លុច អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា បុរសជនរងគ្រោះមានឈ្មោះ រើន ប៊ុនរ៉ង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ/ឃុំកន្លែងកើតហេតុ បានជិះម៉ូតូត្រឡប់មកពីធ្វើការវិញម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា លុះដល់ទីតាំងកើតហេតុដោយសារតែភ្លើងបំភ្លឺផ្លូវមិនសូវភ្លឺច្បាស់ ក៏ជ្រុកបុករថយន្តធុនធ្ងន់មួយគ្រឿងដែលឈប់ចតស្ងៀមនៅលើទ្រូងផ្លូវដោយគ្មានស្លាកសញ្ញា និងភ្លើងបំភ្លឺក្រោយ បណ្តាលឲ្យបែកក្បាល បាក់ក ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

នគរបាលបានបន្តទៀតថា ជនរងគ្រោះស្លាប់នោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី១៩៩៧ ពាក់ស្លាកលេខបាត់ដំបង ខ-៤២៤១។ ចំណែកភាគីខាងរថយន្តក្រោយកើតហេតុ ម្ចាស់ឡើងបើកបរប្រុងរត់គេច តែបើកបានបន្តិចក៏ឈប់ចតរថយន្តហើយចុះរត់គេចតែខ្លួនបាត់ ដោយបន្សល់ទុករថយន្តមួយគ្រឿងជាវត្ថុតាងម៉ាក Fuso ពណ៌ខៀវលាយស ពាក់ស្លាកលេខបាត់ដំបង ៣A-០៤៤៦។

បច្ចុប្បន្ននគរបាលផ្នែកជំនាញស្រុកថ្មគោលបានប្រគល់សំណុំរឿង ឱ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវកោគខេត្តបាត់ដំបងដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.