កំពង់ធំ៖ ផ្ទៃដីជាង៩ម៉ីនហិចតា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាត់ឆ្វៀលចេញពីតំបន់២ មកតំបន់១ ឲ្យប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ក្នុងឃុំក្តីដូង និងឃុំកំពង់គោ នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ដោយយោង លើខ្លឹមសារលិខិតលេខ ២២៤ សជណ.ដប ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិបន្ថែមជូនបងប្អូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅនិងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ នៅលើក្រុងស្រុកចំនួន ៥ ក្នុងចំណោម ៩ក្រុងស្រុក ក្នុងភូមិ សាស្ត្រខេត្តកំពង់ធំ នៅឃុំកំពង់គោ និងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកបន្តថា ពេលទទួលបានលិខិតនេះ រដ្ឋបាលខេត្តរួមជាមួយរដ្ឋបាលស្រុក មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យ និងគោរពស្នើសុំការកែសម្រួលផ្ទៃដីសរុបចំនួន ៩៥,៥២១ហិចតា ដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកាត់ឆ្វៀលចេញពីតំបន់២មកតំបន់១ ជូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលជាក់ស្តែងចំនួន ២,៤៨៦គ្រួសារ នៅក្នុងឃុំកំពង់គោ និងឃុំក្ដីដូង នៃស្រុកកំពង់ស្វាយ ដែលបន្ថែមសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ អាចធ្វើប្លង់កម្មសិទ្ធិ មានសិទ្ធិចាត់ចែង ដាក់បញ្ចាំ ឬផ្ទេរមរតកបាន។

ឯកឧត្តម រតនៈ បានបញ្ជាក់បន្ថែមទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការបែងចែកដីសម្បទានសង្គមកិច្ច និងផ្ទះ ជូនដល់អតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតដីលំនៅដ្ឋាន និងដីអាស្រ័យផល។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់គោ និងឃុំក្ដីដូងសប្បាយចិត្តរីករាយដែលសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក្ខដាក់ពីផលលំបាករបស់ពួកគាត់ក្នុងការកាត់ឆ្វៀលដីពីតំបន់២មកតំបន់១នៅពេលនេះ៕

អត្ថបទ៖ កំពង់ធំ

Share.