ភ្នំពេញ ៖ ស្ត្រីម្នាក់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នាប្តីប្រពន្ធនិងកូន ទៅលេងផ្ទះប្អូនស្រី ជួបគ្រោះថ្នាក់ចរាចរ ដោយត្រូវរថយន្តកុងតឺន័របើកបុកពីក្រោយម៉ូតូហុងដាឌ្រីម ធ្លាក់ប្រពន្ធ រថយន្តកិនស្លាប់។ ចំណែកប្តីជាអ្នកបើកបរម៉ូតូនិងកូនស្រីរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ មុខវត្តកំបូល ចំណុចភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជុំ ស្រីណាត ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិស្វាយក្រោម ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះជាប្តី របួសស្រាល ឈ្មោះ គង់ វិសាល អាយុ២៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្រុកកំណើតនៅភូមិត្របែក ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយ រៀង ។ រីឯកូនស្រី រងគ្រោះស្រាល អាយុ២ឆ្នាំ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-4037 ឌុបប្រពន្ធនិងកូនស្រី ចេញពីផ្ទះជួលឆ្ពោះទៅលេងផ្ទះប្អូនស្រី ដែលជិតគ្រប់ខែ ជួលផ្ទះស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ដោយជិះពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែរថយន្តកុងតឺន័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 3D-4550 បើកពីកើតទៅលិច ក្នុងល្បឿនលឿន បុកពីក្រោយ ធ្លាក់ស្ត្រីជាប្រពន្ធ ហើយត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនស្រីនិងប្តី រងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ត្រូវបានប្រគល់ជូនទៅការិយាល័យចរចរជើងគោក ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ រង់ចាំកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.