ប៉ូលីសក្នុងតំបន់បានប្រាប់សារព័ត៌មាន AFP នាថ្ងៃអង្គារនេះថា សាកសពមនុស្ស ១៤នាក់ ត្រូវបានទឹកនាំទៅឆ្នេរមួយក្នុងប្រទេសមីយ៉ានម៉ា ដោយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានដកស្រង់របាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់ក៏មានកុមាររ៉ូហ៊ីងយ៉ាដែរ។

យោងតាម UNHCR បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានភ័យខ្លាចពីការស្លាប់ បន្ទាប់ពីទូករបស់ពួកគេលិចចូលសមុទ្រ។ ក្រុមអង្គការជួយសង្គោះបាននិយាយថា ក្រុមមនុស្សទាំងនោះបានព្យាយាមឆ្លងចូលទៅក្នុងប្រទេសម៉ាឡេស៊ីតាមរយៈផ្លូវទឹក។

លោកវរសេនីយ៍ទោ Tun Shwe អ្នកនាំពាក្យប៉ូលីសស្រុក Pathein ដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Yangon បាននិយាយថា «សាកសពចំនួន ១៤នាក់ ត្រូវបានប្រទះឃើញ ហើយមនុស្សចំនួន ៣៥នាក់ រួមទាំងម្ចាស់ទូកត្រូវបានជួយសង្រ្គោះ»។

ទោះបីជាព័ត៌មានលម្អិតមិនទាន់មានការបញ្ជាក់ក៏ដោយ UNHCR បាននិយាយថា ទូកនេះត្រូវបានគេរាយការណ៍ថា បានចាកចេញពីឆ្នេរ Sittwe ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១៩ ខែ ឧសភា និង ២ថ្ងៃក្រោយមក បានជួបនឹងទឹករលកដ៏អាក្រក់ ហើយក៏បានលិចនៅពេលនោះ។

សមាជិកម្នាក់នៃអង្គការជួយសង្រ្គោះមីយ៉ាន់ម៉ា ស្រុក Pathein ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា សាកសព ៨នាក់ ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យនៅលើឆ្នេរ។

សកម្មជនរ៉ូហ៊ីងយ៉ាម្នាក់បានប្រាប់សារព័ត៌មាន AFP ថា ស្រ្តី ១២នាក់ និង ក្មេងប្រុស ២នាក់បានស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ។

អ្នករស់រានមានជីវិតបានប្រាប់ក្រុមជួយសង្រ្គោះថា មានមនុស្ស ៦១នាក់ បានជិះនៅលើទូក ហើយមនុស្សចំនួន ១២នាក់ទៀតកំពុងបាត់ខ្លួន។ អ្នកនាំពាក្យប៉ូលីសស្រុក Pathein និយាយថា អ្នកដែលត្រូវបានជួយសង្រ្គោះទាំងនោះកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ស្នងការដ្ឋាននគរបាលស្រុក Pathein៕

ប្រភព៖ CNA

Share.