ប៉ៃលិន៖  ក្រុមមនុស្សជាង ៦០នាក់បានទទួចសុំពន្លឿនដល់តុលាការឲ្យជួយដោះស្រាយលើសំណុំរឿងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យជាដៃគូររកស៊ីបានបោកយកលុយអស់ជាង ២០ម៉ឺនដុល្លាដោយមិនទទួលខុសត្រូវ។

លោក ឡៃ វណ្ណា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ ថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ រូបលោកបានចាញ់បោកប្រគល់លុយចំនួន ៦០០០ដុល្លា ជាលុយចូលរួមក្នុងភាគហ៊ុនរកស៊ី  ក៏ដូចជាក្រុមការងារជាច្រើនទៀតមកពីខេត្តបាត់ដំបង ឧត្តរមានជ័យ ខេត្តកណ្តាល កំពង់ស្ពឺ សៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ តាកែវ កំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ សរុបចំនួន៦៦នាក់ ក្នុងចំណោមក្រុមការងារខាងលើនេះបានចាញ់បោកម្ចាស់ក្រុមហ៊ុនឈ្មោះគួយ ធាវី ដោយម្នាក់ៗបានបង់លុយផ្ទាល់ខ្លួនឲ្យបុរសប្រធានក្រុមហ៊ុនខាងលើជាច្រើនដែលខ្លះអស់ទឹកប្រាក់ចាប់ពី ៣០០០ – ៥០០០ និងខ្លះទៀត ចំនួន ១០០០០ដុល្លាសហរដ្ឋអាមេរិក សរុបទាំងអស់ចំនួន២៧៦,៥១៨ដុល្លារ។

ប្រភពដដែលបានបន្តដែរថា ជនចុងបណ្តឹងដែលអះអាងថាខ្លួនជាគ្រូជោគជ័យមានឈ្មោះ គួយ ធាវី ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះចាន់ សុភ័ក្ត្រ អាយុ៣៩ឆ្នាំ រស់នៅផ្ទះលេខ៥៥ ផ្លូវលំ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនត្រឹមតែមិនទទួលខុសត្រូវលើលុយភាគហ៊ុនរបស់បុគ្គលិកទេថែមទាំងបានជេរប្រមាថ មើលងាយ គម្រាមកំហែងដល់ភ្នាក់ងារទាំងអស់ទៀតតាមរយ:ការឡាយវីដេអូ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង រហូតដល់ភ្នាក់ងារទាំងអស់អស់ការអត់ធ្មត់បានសម្រេចដាក់ពាក្យបណ្តឹងចូលដល់តុលាការ ខេត្តប៉ៃលិនតែម្តងកាលពីខែកុម្ភះ ឆ្នាំ២០២២។

ពាក់ព័ន្ធបញ្ហាខាងលើចុងបណ្តឹងលោកគួយ ធាវី បានឆ្លើយបំភ្លឺថា អ្នកដែលចូលភាគហ៊ុនជាមួយលោក សុទ្ធតែជាអ្នកចង់ផ្តួលលោក ហើយមេការដីឡូតិ៍ជាច្រើនត្រូវបានប្តូរចេញដោយសារតែជាក្រុមបង្ករឿងក្នុងក្រុមហ៊ុនដីឡូតិ៍ធ្វើឱ្យលោកធ្លាក់មកដល់ស្ថានភាពសព្វថ្ងៃនេះ ពួកគេបង្ករឿងច្រើនណាស់ចំពោះខ្លួន។ លោកបានអះអាងដែរថា លោកមិនចង់រវល់ក្នុងរឿងនេះទេ ចង់ទុកពេលធ្វើការងារវិញល្អជាង៕

អត្ថបទ៖ ដំបងក្រញូង

Share.