ពីវេទិការអធិបតីនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារកំពង់ពពិល ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង សម្ដេចក្រឡាហោម ស ខេង ក្នុងឋានៈជានាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចេញមុខជំនួសថ្នាក់ដឹកនាំ និងអាជ្ញាធរ សូមទោសប្រជាពលរដ្ឋឃុំព្រែកតា ស ចំពោះការឆកល្វែងមិនបានដោះស្រាយទាន់ពេលវេលានូវបញ្ហាផ្លូវខូចខ្លាំងនៅក្នុងមូលដ្ឋានឃុំព្រែកតា ស ដែលស្ថិតក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ការចេញមុខសូមទោសចំពោះបញ្ហានេះរបស់សម្ដេចក្រឡាហោម គឺនៅពេលដែលសម្ដេចបានរំលឹកដល់ការសាកល្បងធ្វើដំណើរចេញពីក្រុងព្រៃវែងតាមស្រុកពោធិ៍រៀងឆ្ពោះកាន់កំពង់ចម្លងអរិយក្សត្រនៃស្រុកល្វាឯម ខេត្តកណ្ដាល ដោយសម្ដេចបានតំណាលថា«ថ្ងៃមុន ខ្ញុំទៅប្រជុំនៅខេត្តព្រៃវែងហើយចង់មើលផ្លូវនេះក៏កាត់មកតាម(ពោធិ៍រៀង)ទៅអរិយក្សត្រ ដល់តែចេញមកគឺថាវាវេទនាតាំងពីខេត្តព្រៃវែងមកដល់ពោធិ៍រៀង ទឹកលិចផុកល្បាប់តែម្ដង»។

មានប្រសាសន៍តំណាលដល់រឿងនេះភ្លាម សម្ដេចក្រឡាហោម ស ខេង បានថ្លែងពីវេទិកាអធីបតីដោយសួររកវត្តមានអភិបាលស្រុកពោធិ៍រៀងនៅក្នុងចំណោមអង្គពិធី ដោយសម្ដេចបានបន្ថែមថា«មេស្រុកហ្នឹងបែបមើលតែមេស្រុកហ្នុងមែន! អត់មកមើលប្រជាជន លិចទឹកតាមផ្លូវហ្នឹង ចង់លិចឡាន អត់ទៅអើពើទេ»។ សម្ដេចបានទាញយករណីនេះដោយណែនាំឱ្យមន្រ្តីចេះចាប់អារម្មណ៍ និងត្រូវមានគំនិតដោះស្រាយឱ្យទាន់វេលា។

នៅចំពោះមុខអង្គពិធីរាប់រយនាក់នៅផ្សារកំពង់ពពិល សម្ដេចក្រឡាហោម ស ខេង មិនបានរារែកនឹងការចេញមុខសម្ដែងក្ដីខ្មាស់អៀន និងសូមទោសប្រជាពលរដ្ឋនោះឡើយ ដោយសម្ដេចបានបន្តក្នុងន័យដើមថា«ខ្ញុំសូមទោសពីទីនេះទៅ សូមបងប្អូនប្រជាពលរដ្ឋឃុំព្រែកតា ស សូមយោគយល់ អធ្យាស្រ័យឱ្យខ្ញុំផង។ ខ្ញុំមិនបានព្រងើយកន្តើយទេ ខ្ញុំមានការអៀនខ្មាស់ណាស់ អៀនខ្មាស់ត្រង់ថាផ្លូវហ្នឹងវាផុកវាល្បាប់តែគ្មាននរនណាគេគិត»។

សម្ដេចបានបន្ថែមថា«យើងថាសូមឱ្យប្រជាពលរដ្ឋបោះឆ្នោត! ឱ្យបោះឆ្នោតយ៉ាងម៉េចបើយើងអត់បំរើគាត់ផង។ និយាឱ្យអស់អ៊ីចឹងតែម្ដង។ រួចផ្លូវប៉ុណ្ណឹងយើងធ្វើមិនកើតឬអី? ដណ្ដើមបានសុខសន្តិភាពវាលំបាកលំបិនណាស់ ចុះផ្លូវប៉ុណ្នឹងយើងធ្វើមិនកើតឬយ៉ាងម៉េច? ខ្ញុំធ្វើដំណើរទៅមិនបានចុះជួបគួរសមដាក់ពួកគាត់ទេ តែពួកគាត់ប្រហែល១០០នាក់ឈរសំពះខ្ញុំនៅតាមរោងបុណ្យ មើលទៅខ្ញុំស្រណោះណាស់»។

យ៉ាងណាក៏ដោយ សម្ដេច ស ខេង បានអះអាងថាពេលធ្វើដំណើរឆ្លងកាត់តំបន់នោះ ថ្វីដ្បិតតែមិនបានចុះជួបសំណេះសំណាលប្រជាពលរដ្ឋក៏ពិតមែន តែសម្ដេចបានទំនាក់ទំនងជាបន្តបន្ទាប់ភ្លាមៗទៅកាន់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធដើម្បីជំរុញការស្ថាបនាផ្លូវនេះឱ្យបានលឿនជូនប្រជាពលរដ្ឋ។ សម្ដេចបានអះអាងថាពេលនេះគម្រោងស្ថាបនាផ្លូវខូចខាតនោះដំណើរការហើយដោយចាក់បេតុងជូនប្រជាពលរដ្ឋតែម្ដង។

សម្ដេចបន្ថែមថា«ខ្ញុំសប្បាយចិត្តណាស់ បើកាលណាផ្លូវហ្នឹងបានធ្វើ ដូចបានឡើងឋានសួគ៌ដូច្នេះដែរសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ»។ សម្ដេចក៏បានប្រកាសទទួលខុសត្រូវចំពោះការស្ថាបនាផ្លូវនៅតំបន់នោះ ដោយសម្ដេចបានណែនាំឱ្យមន្រ្តីយកចិត្តទុកដាក់ ដ្បិតសម្ដេចអាចនឹងឆៀងទៅមើលតំបន់នោះជាថ្មីទៀត ដើម្បីឱ្យប្រាកដថាពលរដ្ឋពិតជាបានផ្លូវល្អ និងធ្វើដំណើរស្រួលឡើងវិញ៕

Share.