ភ្នំពេញ ៖ បុរសម្នាក់ស្លា.ប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរ រវាងម៉ូតូហុងដាស្កុបពីបើកបុកគ្នាជាមួយម៉ូតូហុងដាឌ្រីម ក្នុងដំណើរច្រាសទិស កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងសម្តេចជា សុីម ចំណុចភូមិច្រេស ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់នៅកន្លែងមានឈ្មោះ សៀន សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ឈ្មោះ សៀន សារឿន ជិះម៉ូតូ ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1S-7983 ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រៀបនឹងបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែ ម៉ូតូ ម៉ាកហុងដាឌ្រីម សរី២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CH-5994 ជិះដោយបុរសម្នាក់ពីកើតទៅលិច ល្បឿនលឿន ជ្រុលបុកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ជាភាគីម៉ូតូស្កុបពី បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកភាគីខាងម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងរបួសម្នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកសពជនរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ដោយឡែកម៉ូតូទាំង២គ្រឿង ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងយកទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.