ភ្នំពេញ៖ លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២២ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ សុខ រដ្ឋា  ភេទប្រុស អាយុ២៩ឆ្នាំ  ជនជាតិខ្មែរ  មានទីលំនៅផ្ទះជួល  ផ្លូវលំ ភូមិឫស្សី  សង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ដាក់ពន្ធនាគារចំនួន២០ឆ្នាំ ពីបទ. ឃាតកម្ម មានស្ថានទម្ងន់ទោស ក្រោយរកឃើញថាបានសម្លាប់ក្មេងស្រីអាយុ២ឆ្នាំ ត្រូវជាកូនចុងរបស់ជនជាប់ចោទ។

ហេតុការណ៍នេះបានកើតឡើង នៅត្រង់ចំណុចផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៣.១៥នាទី បង្កឡើងដោយជនសង្ស័យឈ្មោះ សុខ រដ្ឋា  ភេទប្រុស អាយុ២៩ឆ្នាំ  ជនជាតិខ្មែរ (មានផ្ទុកសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ នន  ស្រីនិច  ភេទស្រី  អាយុ ០២ ឆ្នាំ  ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី  សង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នន ស្រីនិច ភេទស្រី អាយុ២ ឆ្នាំ និងជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ បាននៅក្នុងផ្ទះជួលតែ២ នាក់ ខណៈនោះជនរងគ្រោះបានវាយក្បាល និងយកជើងធាក់ត្រូវភ្នែកជនសង្ស័យ ធ្វើឱ្យជនសង្ស័យខឹងក៏បានចាប់ជនរងគ្រោះវាយខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូងបណ្ដាលឲ្យរបួសធ្ងន់។ក្រោយមកជនសង្ស័យក៏បាននាំជនរងគ្រោះទៅឲ្យជីតារបស់នាងឈ្មោះ ម៉ី ថុល ភេទប្រុស អាយុ៦៦ឆ្នាំ ដោយភូតកុហកថារូបគេរអិលជើងដួលក្នុងបន្ទប់ទឹកសង្កត់លើជនរងគ្រោះបណ្ដាលឲ្យស្លាប់ ហើយឈ្មោះ ម៉ី ថុល ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ហើយកម្លាំងនគរបាលប៉ុស្តិ៍ក៏សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យសាកសពជនរងគ្រោះឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែង មិនអាចរអិលជើងដួលសង្កត់លើដូចការអះអាងរបស់ជនសង្ស័យនោះទេ។ ពេលនោះសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យឈ្មោះ សុខ រដ្ឋា យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យ ព្រមឆ្លើយសារភាពថារូបគេពិតជាបានវាយ និងយកជង្គង់អុកលើដើមទ្រូងជនរងគ្រោះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។ បន្ទាប់មកឈ្មោះ ផុន សុខហាក់ ភេទ ស្រី អាយុ ២៧ ឆ្នាំ (ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះឈ្មោះ នន ស្រីនិច) បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមផ្លូវច្បាប់  ៕

អត្ថបទ៖ចតុមុខ

Share.