ឯកឧត្តម ជិន វៀតជឿង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងកឹនធើ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចក្នុងពេលវេលាសមស្របណាមួយ។ ការអញ្ជើញនេះបានធ្វើឡើងក្នុងឱកាសមន្រ្តីជាន់ខ្ពស់វៀតណាមរូបនេះដឹកនាំប្រតិភូបំពេញទស្សនកិច្ចកម្ពុជា៣ថ្ងៃ និងបានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ាណែត​ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនោះ ឯកឧត្តម ជិន វៀតជឿង បានជម្រាបឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកកម្ពុជាថា ទីក្រុងកឹនធើ មានប្រវត្តិទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពជាច្រើននៅកម្ពុជា និងថាកិច្ចសហប្រតិបត្តិការនេះបានលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជននិងប្រជាជន ជាមួយក្ដីសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរដែរ។ ឯកឧត្តមបានថ្លែងអំណរគុណសាធារណរដ្ឋសង្គមនិយមវៀតណាមដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា និងបានបង្ហាញការគាំទ្រឱ្យមានការជំរុញអ្នកវិនិយោគពីទីក្រុងកឹនធើមកកម្ពុជាឱ្យបានកាន់តែច្រើនទ្បើង៕

Share.