ផ្លូវខូចញឹកញាប់វាមិនចម្លែកពេកទេសម្រាប់ភូមិស្រុកជនបទមួយចំនួនដែលនៅក្នុងតំបន់ភូមិសាស្រ្តក្បែរបឹង ក្បែរព្រែក ឬក្បែរទន្លេ និងដែលតែងតែរងគ្រោះដោយទឹកជំនន់ មានជំនន់ទឹកភ្លៀង និងជំនន់ដោយទឹកទន្លេ ដូចយ៉ាងទន្លេមេគង្គជាដើម។ និយាយយ៉ាងដូច្នេះក៏មិនមែនសន្មត់ថាស្រុកភូមិទាំងនោះមិនចាំបាច់មានផ្លូវខ្ពស់ ឬល្អស្អាត ក៏មិនដូច្នេះដែរ។ ប៉ុន្តែវាចម្លែកបន្តិចត្រង់ថារដ្ឋបាលស្រុកនៃតំបន់ទាំងនោះ មិនមានគំនិតផ្ដួចផ្ដើម ឬរិះរកវិធីសាស្រ្តដើម្បីដោះស្រាយ ឬសម្រួលបញ្ហាដោយខ្លួនឯង​ក្នុងកម្រិតតិចតួច ដោយមិនចាំបាច់តែគម្រោងថ្នាក់ខេត្ត​ ឬថ្នាក់ជាតិ។

ម្សិលមិញនេះ សម្ដេច ស ខេង ទំនងទប់កូនចិត្តនឹកអាណិតពលរដ្ឋមិនជាប់ ក៏ចេញមុខសូមទោស និងថ្លែងបង្ហាញភាពអៀនខ្មាស់ពលរដ្ឋឃុំ ព្រែកតា ស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សូមទោស និងខ្មាស់ពលរដ្ឋ ព្រោះសម្ដេចទទួលស្គាល់ថាមន្រ្តីថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំខេត្ត មិនបានគិតដល់បញ្ហាពលរដ្ឋ គឺផ្លូវខូចភក់ល្បាប់ពីបាកធ្វើដំណើរ។ ទើបតែសម្ដេចធ្វើដំណើរកាត់តំបន់នោះបានដឹងស្ថានភាពជាក់ស្ដែងអំពីបញ្ហានេះ។ យ៉ាងណាក៏ដោយ បើតាមសម្ដេច ស ខេង ថ្លែង ប្រហែលជាបញ្ហានេះនឹងត្រូវបានដោះស្រាយឆាប់ៗ ដើម្បីបញ្ចប់ភាពខ្មាស់អៀនរបស់សម្ដេចហើយ។

សូមជូនគំនិតមួយទៅរដ្ឋបាលស្រុកពោធិ៍រៀង និងបណ្ដារដ្ឋបាលស្រុកផ្សេងទៀតទូទាំងប្រទេសដែលមានស្ថានភាពភូមិសាស្រ្តស្រដៀងស្រុកពោធ៍រៀង។ ក្រុមប្រឹក្សាស្រុក និងគណៈអភិបាល គួរបង្កើតគំនិតផ្ដួចផ្ដើមដើម្បីរកប្រភពថវិកាទិញគ្រឿងចក្រធន់មធ្យមមួយគ្រឿងដែលមានមុខងារជីកដីផង និងឈូសដីផង ព្រមទាំងថយន្តដឹកដីធន់មធ្យមមួយគ្រឿងទៀតដែលអាចដឹកទាំងដីផង និងដឹកគ្រឿងចក្រនោះចល័តបានផង។ បើនិយាយទាំងគ្រឿងចក្រ និងរថយន្ត បូកផ្សុំទាំងរោងទុកដាក់គ្រឿងចក្រដែលអាចសង់នៅក្នុងសាលាស្រុកឬក្បែរនោះ ការចំណាយប្រហែលជាច្រើនបំផុតត្រឹម៥ម៉ឺនដុល្លារតែប៉ុណ្ណោះ។

រដ្ឋបាលស្រុកគួរបង្កើតក្រុមការងារមួយដើម្បីគ្រប់គ្រងគ្រឿងចក្រនេះផង និងចាត់ចែងការងារទូទៅផង។ អភិបាលរងស្រុកម្នាក់ គួរត្រូវបានប្រគល់តួនាទីឱ្យកាន់ការងារនេះ។ ក្រុមការងារនេះ អាចមានបុគ្គលិកសកម្មពីរនាក់ អាចជាបុគ្គលិកធ្វើការគិតកម្លាំងពលកកម្មតាមថ្ងៃក៏បាន ដែលជាអ្នកបើករថយន្តដឹកដី និងអ្នកបញ្ជាគ្រឿងចក្រ។ មេឃុំចំណុះឱ្យរដ្ឋបាលស្រុកគឺជាសមាជិកក្រុមការងារនេះ។ ក្រុមការងារនេះមានតួនាទីរកថវិកាផ្គត់ផ្គង់ការចំណាយលើកម្លាំងពលករកម្ម ប្រេង និងការថែទាំងគ្រឿងចក្រ។ ក្រៅពីនេះ ក្រុមការងារនេះ អាចពិនិត្យនិងសម្រេច លើសំណើរមេឃុំ ឬចៅអធិការវត្ត នាយកសាលា ដែលស្នើសុំគ្រឿងចក្រចុះជួយជួសជុល ឬសម្រួលស្ថានភាពផ្លូវដែលខូចខាតជាដើម។

នៅពេលក្រុមការងារនេះអាចដំណើរការបាន ខ្ញុំមានជំនឿថាស្ថានភាពផ្លូវដែលរងការខូចខាតដោយគ្រោះធម្មជាតិជារៀងរាល់ឆ្នាំឬរដូចក្ដី ឬដោយកត្តាផ្សេងៗក្កី ក្នុងកម្រិតតិចតួច ឬមធ្យមល្មៗដែលកើតមានក្នុងមូលដ្ឋានស្រុក ប្រាកដជាត្រូវបានដោះស្រាយទាន់ពេលវេលា និងបានកាត់បន្ថយការឈានទៅខូចខាតផ្លូវនោះកាន់តែខ្លាំង ហើយដែលនាំឱ្យការចំណាយថវិការដ្ឋកាន់តែអស់ច្រើន។ ម្យ៉ាងពលរដ្ឋក៏មិនចាំបាច់រង់ចាំគម្រោងចុះជួសជុលផ្លូវដែលជារឿយៗប្រើពេលវេលាយូរពីថ្នាក់ខេត្ត ឬថ្នាក់ជាតិ។

ឧហរណ៍ ផ្លូវមួយកំណាត់ប្រវែងប្រមាណ១០០ម៉ែត្រ ត្រូវបានទឹកជំនន់លិច និងហូរបណ្ដាលឱ្យដាច់។ ដូច្នេះពេលទឹកស្រុកវិញភ្លាម ក្រុមការងារគ្រឿងចក្រស្រុកអាចចុះទៅភ្លែត ដើម្បីសម្រួលផ្លូវនោះយ៉ាងហោចណាស់ជូនពលរដ្ឋធ្វើដំណើរបានវិញសិន ទោះមិនបានល្អដូចដើមក៏ដោយ។

ជាមួយគ្នានេះដែរ រដ្ឋបាលឃុំសាមីដែលស្នើសុំក្រុមការងារគ្រឿងចក្រស្រុកចុះមកជួយជួសជុលផ្លូវ ក៏អាចប្រើចំណែកថវិកាឃុំ ឬកៀគរពលរដ្ឋជួយសម្រួលយ៉ាងហោចណាស់ថ្លៃប្រេង ឬកម្លាំងពលកម្មសម្រាប់អ្នកដឹកដី និងអ្នកបញ្ជាគ្រឿងចក្រដែលស្រុកបញ្ជូនមកជួយជួលជុល ឬសម្រួលផ្លូវ ឬការងារពាក់ព័ន្ធនឹងប្រយោជន៍សាធារណៈផ្សេងៗទៀត ដូចសាលារៀនត្រូវសម្រួលទីធ្លារ ឬក៏វត្តអារាមជាដើម។

ជូនគំនិតយ៉ាងដូច្នេះ មិនមែនមានន័យថាស្រុកចេញមុខចេញមាត់ កាត់ការងារមន្ទីរសាធារណៈការ ឬមន្ទីរអភិវឌ្ឍន៍ជនបទនោះទេ តែនេះចង់សំដៅត្រឹមតែថាស្រុកអាចមានលទ្ធភាពជួយសម្រួលការងារជួសជុលផ្លូវកម្រិតល្មៗបានលឿនជូនពលរដ្ឋ ពិសេសស្រុកដែលមានផ្លូវខូវញឹកញាប់​ ឬតែងតែរងគ្រោះដោយទឹកជំនន់។

នេះជាគំនិតខ្ញុំទេ បើស្រុកមានវិធីផ្សេងល្អជាងនេះក៏ពិតជាប្រសើរណាស់។ សូមអរគុណសារព័ត៌មានត្រយងដែលបានជួយចុះផ្សាយ។

ពីខ្ញុំ អ្នកព្រៃវែង

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.